ជប៉ុន ផ្តល់ជំនួយឥតសំណងជាង ១៨ម៉ឺនដុល្លារ សម្រាប់លទ្ធកម្មរថយន្តពន្លត់អគ្គិភ័យជប៉ុន និងការបំពាក់បរិក្ខារពេទ្យ
ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន តាមរយៈស្ថានទូតរបស់ខ្លួនប្រចាំកម្ពុជា បានផ្តល់ថវិកាចំនួន ១៨៣,៥៨៨ដុល្លារអាមេរិក ដល់ស្ថាប័នទទួលជំនួយចំនួនពីរ ក្រោមគ្រោងការណ៍ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (គូសាណូណិ) សម្រាប់លទ្ធកម្មរថយន្តពន្លត់អគ្គិភ័យជប៉ុន និងការបំពាក់បរិក្ខារពេទ្យ។
កិច្ចសន្យាផ្តល់ជំនួយត្រូវបានចុះហត្ថលេខានៅថ្ងៃទី៩
ខែតុលា ឆ្នាំ២០២៥នេះ ដោយលោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូត វិសាមញ្ញ
និងពេញសមត្ថភាពរបស់ប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា
និងតំណាងស្ថាប័នទទួលជំនួយទាំងពីរ។ ថវិកាទាំងនេះដើម្បីអនុវត្តគម្រោងដូចតទៅ៖
ទី១៖ គម្រោងធ្វើលទ្ធកម្មរថយន្តសង្គ្រោះបន្ទាន់ដែលប្រើប្រាស់រួច
ក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តព្រះសីហនុ (ថវិកាចំនួន ១២០,៣០៨ដុល្លារអាមេរិក) ស្ថាប័នទទួលជំនួយ៖
នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះនៃក្រសួងមហាផ្ទៃ
ជំនួយនេះនឹងត្រូវបានប្រើប្រាស់ដើម្បីធ្វើលទ្ធកម្មរថយន្តសង្គ្រោះរបស់ជប៉ុនសម្រាប់រាជធានីភ្នំពេញ
ខេត្តកណ្តាល និងខេត្តព្រះសីហនុ។
គម្រោងនេះមានគោលបំណងលើកកម្ពស់ការឆ្លើយតបបន្ទាន់នៅតំបន់ទីប្រជុំជនក្នុងប្រទេសកម្ពុជា
ដែលការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សនៅតំបន់ទីប្រជុំជនបាននាំមកនូវឧប្បត្តិហេតុអគ្គិភ័យជាញឹកញាប់
ដោយសារកត្តាអគារពុំមានសុវត្ថិភាព និងបណ្តាញខ្សែភ្លើងដ៏ស្មុគស្មាញ។
ទោះបីជាមានបុគ្គលិកសុខាភិបាលនៅស្ថានីយ៍ពន្លត់អគ្គិភ័យក៏ដោយ
ការខ្វះខាតនូវរថយន្តសង្គ្រោះបន្ទាន់បានពន្យារកិច្ច
ខិតខំប្រឹងប្រែងជួយសង្គ្រោះជីវិត ដែលពេលខ្លះអាចបណ្តាលឱ្យមានអ្នកស្លាប់។
ដើម្បីដោះស្រាយបញ្ហានេះរថយន្តសង្គ្រោះបន្ទាន់ចំនួន៤
នឹងត្រូវបានផ្តល់ដល់ស្ថានីយ៍ពន្លត់អគ្គិភ័យ ដែលក្នុងនោះមានរាជធានីភ្នំពេញ
ចំនួន២គ្រឿង ខេត្តកណ្តាលចំនួន១គ្រឿង និងខេត្តព្រះសីហនុចំនួន១គ្រឿង
ដើម្បីជួយសម្រួលដល់ការសង្គ្រោះបន្ទាន់ និងការថែទាំឱ្យបានលឿនក្នុងករណីអគ្គិភ័យ។
គំនិតផ្តួចផ្តើមនេះនឹងផ្តល់អត្ថប្រយោជន៍ដលប្រជាជនប្រមាណ ៤,១៤លាននាក់ ជាមួយការលើកកម្ពស់នូវប្រតិបត្តិការជួយសង្គ្រោះផ្នែកអគ្គិភ័យ
និងបង្កើនសុវត្ថិភាពសាធារណៈ។
និងទី២៖ គម្រោងបំពាក់បរិក្ខារពេទ្យនៅមន្ទីរពេទ្យបង្អែកបរកែវ
ក្នុងខេត្តរតនគិរី (ថវិកាចំនួន ៦៣,២៨០ដុល្លារអាមេរិក)
ស្ថាប័នទទួលជំនួយ៖ មន្ទីរពេទ្យបង្អែកបរកែវ។
ជំនួយនេះនឹងត្រូវបានប្រើប្រាស់ដើម្បីបំពាក់ម៉ាស៊ីនថតកាំរស្មីអ៉ិច
ម៉ាស៊ីនចាប់ចង្វាក់បេះដូង និងម៉ាស៊ីនភ្លើងថ្មី នៅមន្ទីរពេទ្យបង្អែកបរកែវ។
ចាប់តាំងពីម៉ាស៊ីនថតកាំរស្មីអ៉ិចបានខូចក្នុងឆ្នាំ២០២១
អ្នកជំងឺដែលត្រូវការថតរូបភាពកាំរស្មីអ៉ិច ត្រូវធ្វើដំណើរចម្ងាយ ៣០គីឡូម៉ែត្រ
ទៅកាន់មន្ទីរពេទ្យខេត្ត ដោយចំណាយទាំងថ្លៃធ្វើ ដំណើរខ្ពស់
និងពន្យារពេលក្នុងការធ្វើរោគវិនិច្ឆ័យជំងឺ។ បន្ថែមពីនេះការដាច់ភ្លើងញឹកញាប់
ជាពិសេសក្នុងរដូវវស្សាកាន់តែរាំងស្ទះដល់ការព្យាបាល។
ដោយសារអគារព្យាបាលជំងឺទូទៅខ្វះម៉ាស៊ីនភ្លើង គ្រូពេទ្យត្រូវប្រើប្រាស់ពិលដើម្បីធ្វើការងារ។
មន្ទីរពេទ្យក៏ខ្វះនូវម៉ាស៊ីនចាប់ចង្វាក់បេះដូងផងដែរ
ដែលចាំបាច់ក្នុងការរកឃើញសញ្ញាដំបូងនៃជំងឺបេះដូង។
តាមរយៈការបំពាក់ម៉ាស៊ីនថតកាំរស្មីអ៉ិច
ម៉ាស៊ីនចាប់ចង្វាក់បេះដូង និងម៉ាស៊ីនភ្លើងថ្មី មន្ទីរពេទ្យនឹងអាចផ្តល់ការធ្វើរោគវិនិច្ឆ័យបានលឿន
និងត្រឹមត្រូវជាងមុន ដែលលើកកម្ពស់ការថែទាំអ្នកជំងឺប្រមាណ ៩,៥០០នាក់ ជារៀងរាល់ឆ្នាំ និងកាត់បន្ថយបន្ទុកផ្នែកហិរញ្ញវត្ថុលើសហគមន៍ជនបទ។
គម្រោងគូសាណូណិរបស់ជប៉ុន
បានចាប់ផ្តើមនៅប្រទេសកម្ពុជានៅឆ្នាំ១៩៩១
ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការអភិវឌ្ឍ
និងស្ថាបនាប្រទេសឡើងវិញនៅតាមកម្រិតមូលដ្ឋាន។ ជំនួយឥតសំណងនេះ
មានទិសដៅការពារជនងាយរងគ្រោះពីកត្តាមួយចំនួនដូចជា ភាពក្រីក្រ និង/ឬ ភាពអកុសលនានា
ដែលអាចគំរាមកំហែងដោយផ្ទាល់ដល់អាយុជីវិត ជីវភាពរស់នៅ និងសេចក្តីថ្លៃថ្នូររបស់ពួកគេ
ក៏ដូចជាជួយជំរុញនូវភាពម្ចាស់ការលើខ្លួនឯងរបស់ប្រជាសហគមន៍។ ចាប់តាំងពីឆ្នាំ១៩៩១
រដ្ឋាភិបាលជប៉ុន បានផ្តល់ថវិកាជាង ៧២លានដុល្លារអាមេរិក ដល់អាជ្ញាធរមូលដ្ឋាន
និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីអនុវត្តគម្រោង គូសាណូណិចំនួន ៧០៦គម្រោង
នៅទូទាំងប្រទេសកម្ពុជា៕




Post a Comment