ត្រាំ ប្រកាសថា អ៊ីស្រាអែល និងហាម៉ាស ឈានដល់ការឯកភាពគ្នាលើដំណាក់កាលទី១ នៃផែនការសន្តិភាពហ្កាហ្សា
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថាអ៊ីស្រាអែល និងក្រុមហាម៉ាសបានឈានដល់កិច្ចព្រមព្រៀងដំណាក់កាលទី១នៃផែនការសន្តិភាពរបស់លោកដែល នឹងបើកផ្លូវឆ្ពោះទៅរកការដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែលទាំងអស់។
នៅក្នុងការបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម Truth
Social កាលពីថ្ងៃពុធ ទី៨ ខែតុលា (ម៉ោងនៅវ៉ាស៊ីនតោន) លោក ត្រាំ
បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំពិតជាមានកិត្តិយសចង់
ប្រកាសថាអ៊ីស្រាអែល និងហាម៉ាសបានឈានដល់កិច្ចព្រមព្រៀងដំណាក់កាលទី១
នៃផែនការសន្តិភាពរបស់យើង»។
លោកបន្តថា «នេះមានន័យថាចំណាប់ខ្មាំងទាំងអស់នឹងត្រូវបាន
ដោះលែងក្នុងពេលឆាប់ៗ ហើយអ៊ីស្រាអែលនឹងដកកងទ័ពតាមអ្វីដែលបានឯកភាពគ្នាជាជំហានទី១ឆ្ពោះទៅរកសន្តិភាពរឹងមាំ
និរន្តរភាព និងយូរអង្វែងមិនធ្លាប់មាន»។
ព្រមពេលជាមួយគ្នា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល
លោក Benjamin
Netanyahu បានអះអាងថានឹងកោះប្រជុំគណៈរដ្ឋមន្ត្រីរបស់លោកនៅថ្ងៃព្រហស្បតិ៍
ទី៩ ខែតុលា ដើម្បីអនុមត្តលើ កិច្ចព្រមព្រៀងស្ដីពីការដោះលែងចំណាប់ខ្មាំង។ ចំណែក
ក្រុមហាម៉ាសវិញត្រូវបានរាយការណ៍ថានឹងដោះលែងចំណាប់ខ្មាំងនៅមានជីវិត ២០នាក់
ជាថ្នូរនឹងការដោះលែងជនជាតិប៉ាឡេស្ទីន ២០០០នាក់ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារអ៊ីស្រាអែល។
បើតាមក្រុមមន្ត្រីអ៊ីស្រាអែល
បច្ចុប្បន្នមានចំណាប់ខ្មាំង៤៨នាក់កំពុងជាប់ឃុំក្នុងតំបន់ហ្កាហ្សា
ហើយក្នុងចំណោមពួកគេមាន ២០នាក់ត្រូវបានជឿថានៅរស់រានមានជីវិត៕ (ប្រភព៖ Reuters)

Post a Comment