ត្រាំ ទុកពេលឲ្យហាម៉ាសដល់ល្ងាចថ្ងៃអាទិត្យ ដើម្បីសម្រេចកិច្ចព្រមព្រៀង
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានដាក់ឱសានវាទឲ្យក្រុមហាម៉ាសរហូតដល់ល្ងាចថ្ងៃអាទិត្យ ដើម្បីឈានដល់កិច្ចព្រមព្រៀងឱកាសចុងក្រោយមួយលើផែនការរបស់លោកសម្រាប់អនាគតតំបន់ហ្កាហ្សា បើមិនដូច្នោះទេ មហន្តរាយនឹងកើតមានឡើងប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនមួយនេះ។
លោក ត្រាំ
បានសរសេរនៅលើបណ្តាញសង្គមកាលពីថ្ងៃសុក្រថា «កិច្ចព្រមព្រៀងមួយត្រូវតែសម្រេចបានជាមួយក្រុមហាម៉ាសត្រឹមល្ងាចថ្ងៃអាទិត្យ
ម៉ោង ៦:០០ (ម៉ោងនៅទីក្រុងវ៉ាស៊ីនតោន)។ គ្រប់ប្រទេសទាំងអស់បានយល់ព្រមហើយ!
ប្រសិនបើកិច្ចព្រមព្រៀងឱកាសចុងក្រោយនេះមិនត្រូវបានសម្រេចទេ នោះមហន្តរាយ
ដូចដែលគ្មាននរណាធ្លាប់បានឃើញពីមុនមក នឹងផ្ទុះឡើងប្រឆាំងនឹងក្រុមហាម៉ាស»។
ជាការឆ្លើយតប
មន្ត្រីហាម៉ាសម្នាក់បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters
កាលពីយប់ថ្ងៃព្រហស្បតិ៍ថា «មិនទាន់ទេ!
ការពិភាក្សាយ៉ាងដិតដល់កំពុងដំណើរការ»។
មន្ត្រីរូបនោះបានបញ្ជាក់ថា ក្រុមហាម៉ាសបានពិភាក្សាជាមួយអ្នកសម្របសម្រួលអារ៉ាប់,
តួកគី និងបក្សពួកប៉ាឡេស្ទីនផ្សេងទៀត ដើម្បីរៀបចំ «ការឆ្លើយតបរបស់ប៉ាឡេស្ទីន»។
សូមជម្រាបថា ផែនការ ២០ចំណុចរបស់លោក ត្រាំ
បានអំពាវនាវឲ្យមានបទឈប់បាញ់ភ្លាមៗ
ការដោះដូរចំណាប់ខ្មាំងទាំងអស់ជាមួយអ្នកទោសប៉ាឡេស្ទីន, ការដកទ័ពអ៊ីស្រាអែលជាដំណាក់កាល, ការរំសាយអាវុធរបស់ក្រុមហាម៉ាស
និងការបង្កើតរដ្ឋាភិបាលអន្តរកាលមួយ៕ (ប្រភព៖ Reuters)

Post a Comment