បាងកក ជួបទាំងព្យុះភ្លៀង និងរន្ទះបាញ់! អ្នកក្រុងប្រាប់ថា មិនធ្លាប់ជួបគ្រោះកាចបែបនេះ
បាងកក៖ នៅព្រឹកថ្ងៃសុក្រ ទី៣ ខែតុលា ឆ្នាំ២០២៥នេះ ទីក្រុងបាងកក បានជួបប្រទះព្យុះភ្លៀងដ៏ខ្លាំងក្លា បណ្តាលឲ្យប៉ើងដំបូលផ្ទះនិងបាក់ដើមឈើសង្កត់យានយន្ត ហើយអ្វីដែលចម្លែកនោះគឺ អ្នកក្រុងបាងកកនាំគ្នានិយាយ ថា ពួកគេមិនធ្លាប់ជួបគ្រោះធម្មជាតិកាចសាហាវបែបនេះទេ ព្រោះវាមានលាយឡំនឹងរន្ទះបាញ់គួរឲ្យខ្លាចផងដែរ។
ប្រាប់ទៅសារព័ត៌មាន Khaosod, ស្រ្តីអាយុ៦៩ឆ្នាំឈ្មោះ Wanlaya និយាយថា នាងរស់នៅខ័ណ្ឌចតុចក្ររាប់ឆ្នាំមកហើយ។ នៅថ្ងៃមានព្យុះ នាងឮសំឡេងរន្ទះបាញ់ មានភ្លៀងខ្លាំងនិងខ្យល់កន្ត្រាក់ដ៏សាហាវ បោកបំប៉ើងរបស់របរហើរពាសវាលពាសកាល។ ដើមឈើក៏បាក់សង្កត់រថយន្ត បង្កការខូចខាត នេះគឺជាហេតុការណ៍ដ៏ធ្ងន់ធ្ងរបំផុតដែលនាងមិនធ្លាប់ជួបប្រទះសោះ។
សូមជម្រាបជាថ្មី ព្យុះបានវាយប្រហារខ័ណ្ឌចតុចក្រ នាវេលាម៉ោង៥:៣០នាទីព្រឹកថ្ងៃសុក្រ បណ្តាលឲ្យមានការបំផ្លិចបំផ្លាញ ប៉ុន្តែមិនមានរបាយការណ៍អំពីមនុស្សរងរបួសទេ។
មិនមែនតែនៅបាងកកទេ ដើមឈើដ៏ធំមួយដើម ក៏បាក់សង្កត់លើរថយន្តជាច្រើនគ្រឿងនៅស្រុក
Pak Kret នៃខេត្ត Nonthaburi ផងដែរ ដោយបង្កការបំផ្លិចបំផ្លាញនិងខូចខាត ធ្ងន់ធ្ងរ៕

Post a Comment