ផែនការវាយលុកហ្គាហ្សាថ្មី របស់លោក Netanyahu រងសម្ពាធពីគ្រប់ទិស
ហ្សេរុយសាឡឹម៖ ផែនការថ្មីរបស់នាយករដ្ឋមន្ត្រី Benjamin Netanyahu ក្នុងការចូលគ្រប់គ្រងតំបន់ហ្គាហ្សាទាំងស្រុង កំពុងប្រឈមនឹងការប្រឆាំងយ៉ាងខ្លាំងពីគ្រប់ទិសទី ដោយដៃគូសម្ព័ន្ធស្តាំនិយមជ្រុលរបស់លោក ទាមទារឱ្យមានសកម្មភាពកាន់តែខ្លាំងក្លា ខណៈយោធា និងសម្ព័ន្ធមិត្តអន្តរជាតិបានព្រមានពីហានិភ័យនៃគ្រោះមហន្តរាយ។
រដ្ឋមន្ត្រីហិរញ្ញវត្ថុ
លោក Bezalel Smotrich បានរិះគន់ផែនការនេះថា
មិនគ្រប់គ្រាន់ ហើយថា វាគ្រាន់តែជាល្បិចដើម្បីទាញហាម៉ាសមកចរចាប៉ុណ្ណោះ
មិនមែនដើម្បីជ័យជម្នះដាច់ខាតទេ។ លោក Itamar Ben-Gvir រដ្ឋមន្ត្រីសន្តិសុខជាតិ
ក៏បានជំរុញឱ្យមានការគ្រប់គ្រងហ្គាហ្សាដោយយោធាទាំងស្រុងផងដែរ។
ជំហរដ៏តឹងរ៉ឹងនេះ
ផ្ទុយស្រឡះពីការព្រមានរបស់យោធាអ៊ីស្រាអែលផ្ទាល់ ដែលបារម្ភថា
ការពង្រីកប្រតិបត្តិការនឹងបង្កគ្រោះថ្នាក់ដល់ចំណាប់ខ្មាំង និងទាហាន។
នៅលើឆាកអន្តរជាតិ រដ្ឋមន្ត្រីការបរទេសអ៊ីតាលី លោក Antonio Tajani បានព្រមានថា ការឈ្លានពាននេះ អាចនឹងក្លាយជា «សង្គ្រាមវៀតណាម»
សម្រាប់កងទ័ពអ៊ីស្រាអែល។
គួរបញ្ជាក់ថា
ផែនការនេះត្រូវបានអនុម័តដោយគណៈរដ្ឋមន្ត្រីសន្តិសុខរបស់លោក នេតាន់យ៉ាហ៊ូ
កាលពីថ្ងៃសុក្រ។ ការសម្រេចចិត្តនេះបានបង្កឱ្យមានការថ្កោលទោសយ៉ាងខ្លាំងក្លា
ដោយមានប្រជាជនអ៊ីស្រាអែលរាប់ពាន់នាក់បានធ្វើបាតុកម្មនៅទីក្រុងតែលអាវីវ
ដើម្បីទាមទារឱ្យមានការឈប់បាញ់ជាបន្ទាន់។ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ
ក៏ត្រូវបានគេរំពឹងថានឹងបើកកិច្ចប្រជុំមួយ ដើម្បីពិភាក្សាអំពីផែនការនេះផងដែរ៕ (ប្រភព៖ Reuters)
Post a Comment