សេចក្តីថ្លែងការណ៍៖ ព្រះសង្ឃខ្មែរ បិណ្ឌបាត្រប្រទេសថៃ គោរពបទឈប់បាញ់ជានិរន្តរ៍ និងដោះលែងកងទ័ពខ្មែរទាំង១៨រូប
ភ្នំពេញ៖ នៅរសៀលថ្ងៃអាទិត្យ ទី១០ ខែសីហា ឆ្នាំ២០២៥នេះ ព្រះសង្ឃខ្មែរ ២,៥៦៩អង្គ និមន្តមកពីវត្តចំនួន១៨ រួមជាមួយពុទ្ធបរិស័ទជាច្រើនរូបទៀត បានរៀបចំពិធីធម្មយាត្រាពីបូជនីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ រហូតដល់វិមានឯករាជ្យ ក្នុងគោលដៅទាមទារឱ្យអនុវត្តបទឈប់បាញ់ជានិរន្តរ៍ រក្សាសន្តិភាព សុវត្ថិភាព និងស្ថេរភាពរវាងកម្ពុជា និងថៃ។
ទន្ទឹមការរៀបចំពិធីធម្មយាត្រានេះ
ក៏មានការយាង និងនិមន្តធ្វើសេចក្តីថ្លែងការណ៍ជាខេមរភាសា
និងភាសាអង់គ្លេសដោយសម្តេចព្រះសិរីសុគន្ធាមហាសង្ឃរាជរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត
បួរ គ្រី សម្ដេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា, សម្តេចព្រះមហាសុមេធាធិបតី អំ លីមហេង សម្តេចព្រះសង្ឃនាយក
គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាអរិយវង្សបណ្ឌិត យ៉ន
សេងយៀត ផងដែរ។
ក្នុងសេចក្តីថ្លែងការណ៍នោះ
បានគូសរំលេចថា កម្ពុជា ពិតជាត្រូវការសន្តិភាព ស្ថេរភាព សុវត្ថិភាព
និងការការពារសន្តិភាព ព្រោះសន្តិភាពជាឫសគល់ នៃការអភិវឌ្ឈន៍។
ដោយមើលឃើញអំពីសារសំខាន់នៃសន្តិភាព
គណៈសង្ឃនាយកទាំងពីរគណៈ បាន សុំបិណ្ឌបាត្រភាគីថៃ ឱ្យមានការគោរពបទឈប់បាញ់ជានិរន្តរ៍
និងសុំបិណ្ឌបាត្រភាគីថៃដោះលែងកងទ័ពខ្មែរទាំង១៨រូប ដែលបានចាប់ធ្វើជាចំណាប់ខ្មាំង។
ការបិណ្ឌបាត្រនេះ ក្នុងនាមប្រទេសទាំងពីរជាអ្នកគោរពកាន់ព្រះពុទ្ធសាសនាថេរវាទដូចគ្នា
ហើយក៏ដើម្បីជាប្រយោជន៍ដ៏ឧត្តុង្គឧត្តម
សម្រាប់សេចក្តីសុខក្សេមក្សាន្តត្រជាក់ត្រជំដល់ប្រជាជាតិខ្មែរ
និងសាកលលោកទាំងមូលផងដែរ។
ក្នុងសេចក្តីថ្លែងការណ៍នេះ
គណៈសង្ឃនាយក ក៏បានសម្ដែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះការខិតខំប្រឹងប្រែងអស់ពី
កម្លាំងកាយចិត្ត និងកម្លាំងបញ្ញាស្មារតីរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
ប្រធានព្រឹទ្ធសភា ដែលជាអគ្គមគ្គុទ្ទេសដ៍ឆ្នើមមានបទពិសោធន៍ចាស់ទុំ បានជួយដល់រាជរដ្ឋាភិបាល
និងជម្រុញលើកទឹកចិត្តដល់កងទ័ពយោធពលខេមរភូមិន្ទ
ឱ្យកាន់តែមានឆន្ទៈមោះមុតក្នុងការការពារបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា
បាន១០០%។
គណៈសង្ឃនាយក
ក៏បានសម្ដែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចមហារធិបតី ហ៊ុន ម៉ាណែត
នាយករដ្ឋមន្ត្រី ដែលបានពុះពារគ្រប់ឧបសគ្គក្នុងការដោះស្រាយបញ្ហាជម្លោះព្រំដែន
កម្ពុជា-ថៃ ទៅតាមច្បាប់ជាតិ និងអន្តរជាតិ ដោយសន្តិវិធី។
គណៈសង្ឃនាយក
ក៏បានកោតសរសើរដល់វីរកងទ័ពជួរមុខទាំងអស់ ដែលបានលះបង់អស់ពីកម្លាំងកាយចិត្ត
ដើម្បីបុព្វហេតុការពារបូរណភាពទឹកដីឱ្យបានគង់វង្ស
និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋខ្មែរ និងសូមគោរពដឹងគុណចំពោះវីរកងទ័ព
ដែលបានពលីជីវិត ក្នុងបុព្វហេតុកម្មព្រះជាអតិមានព្រះរាជាណាចក្រកម្ពុជា៕
Post a Comment