ខ្លោងទ្វារខាងត្បូងនៃប្រាសាទតាព្រហ្ម ជួសជុលបានប្រមាណ៤៥ ភាគរយហើយ

ខេត្តសៀមរាប៖ ខ្លោងទ្វារខាងត្បូងរបស់ប្រាសាទតាព្រហ្ម ជួសជុសសម្រេចបានប្រមាណ៤៥ភាគរយហើយ ក្រោមកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរអាជ្ញាធរជាតិអប្សរា និងស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា (ASI)។ ការងារជួសជុលខ្លោងទ្វារខាងត្បូងរបស់ប្រាសាទតាព្រហ្ម បានចាប់ផ្តើមឡើងតាំងពីដើមឆ្នាំ២០២៣ គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៦ ខាងមុខ។

លោក Chitranjan Kumar ប្រធានគ្រប់គ្រងការដ្ឋានជួសជុលប្រាសាទតាព្រហ្ម ឱ្យដឹងថា ការងារជួសជុលខ្លោងទ្វារខាងត្បូងរបស់ប្រាសាទតាព្រហ្ម បានធ្វើឡើងជាជំហានៗ ហើយបច្ចេកទេសនៃការជួសជុលក៏ត្រូវបានអនុវត្តទៅតាមអនុសាសន៍របស់ក្រុមអ្នកជំនាញការអាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក។ កាលពីពាក់កណ្ដាលឆ្នាំ២០២៤ ក្រុមការងារបានរៀបចំជួសជុលពង្រឹងគ្រឹះ ខឿន និងជញ្ជាំង រហូតមកដល់ពេលនេះ ឈានដល់ការរៀបថ្មដំបូលស្លាបសងខាងរបស់ខ្លោងទ្វារទៅតាមលំនាំដើមឡើងវិញ សម្រេចលទ្ធផលការងារទាំងមូលបានប្រមាណ៤៥ភាគរយ។ នៅក្នុងការជួសជុលនេះដែរ នៅផ្នែកបាត់បង់ថ្ម ឬថ្មពុកផុយខូចខាតមិនអាចប្រើប្រាស់វិញបាន គឺត្រូវបន្ថែមថ្មថ្មីដើម្បីពង្រឹងរចនាសម្ពន្ធខ្លោងទ្វារឱ្យរឹងមាំឡើងវិញ។
លោក Chitranjan Kumar បញ្ជាក់បន្ថែមថា ក្រុមការងាររបស់លោកនឹងខិតខំបំពេញការងារជួសជុលខ្លោងទ្វារខាងត្បូងរបស់ប្រាសាទតាព្រហ្មនេះ ឱ្យបានបញ្ចប់តាមផែនការនៅចុងឆ្នាំ២០២៦ ខាងមុខ។ ចំពោះផ្នែកដែលនៅសេសសល់ គឺរចនាសម្ពន្ធកំពូលខ្លោងទ្វារជាបន្តទៀត ដែលមានមុខព្រហ្មទាំងបួនទិស ត្រូវចំណាយពេលវេលាប្រមាណមួយឆ្នាំទៀត ដើម្បីបញ្ចប់ការងារជួសជុលនេះ៕








Powered by Blogger.