អ្នកនាំពាក្យក្រសួងការពារជាតិ៖ កម្លាំងកងទ័ពថៃ ដែលរំលោភចូលដែនអធិបតេយ្យកម្ពុជា នៅម៉ោង៩:៥៣នាទីព្រឹកមិញ បានបន្ដជីកលេណដ្ឋាន នៅតំបន់អានសេះ

ភ្នំពេញ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា នៅមុននេះ បានចេញសេចក្តីប្រកាសបន្ទាន់មួយថា កម្លាំងកងទ័ពថៃ ដែលរំលោភចូលដែនអធិបតេយ្យកម្ពុជា បំពានបទឈប់បាញ់ នៅម៉ោង៩:៥៣នាទីព្រឹកមិញ បានបន្ដជីកលេណដ្ឋាន នៅតំបន់អានសេះ។

តាមបណ្តាញសង្គមផ្លូវការរបស់ក្រសួងការពារជាតិ នៅរសៀល ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥នេះ អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ដូច្នេះថា៖ «បច្ចុប្បន្នភាពនៃស្ថានភាពនៅទិសអានសេះ ដែលកងទ័ពថៃបានរំលោភបំពានមកលើបូរណភាពទឹកដីកម្ពុជា ដោយនៅវេលាម៉ោង ៩:០៩ នាទី គ្រឿងចក្រថៃបាន បន្ដកាយដី ហើយនៅម៉ោង ៩:៥០នាទី មានរថយន្ដថៃ ០១ គ្រឿងដឹកលេណដ្ឋានបេតុង ក្នុងនោះកង់ឡាននិងលូ (ធ្វើរួច) មកទម្លាក់នៅមុខប៉ុស្តិ៍របស់ខ្លួន ហើយនៅវេលាម៉ោង៩:៥៣ នាទី កម្លាំងកងទ័ពថៃបានបន្ដជីកលេណដ្ឋាន។ នៅវេលាម៉ោង ១០:៥៥នាទី គ្រឿងចក្រថៃមួយគ្រឿងទៀត បានមកឈូសឆាយនៅខាងក្រោយប៉ុស្តិ៍ប៉ូលីសចម្ងាយពីទីតាំងកងទ័ពកម្ពុជាប្រហែល ១៥ម៉ែត្រនៅចំណុច និងបន្ដដាក់លូ និងកង់ឡាន ចូលលេណដ្ឋាន»

អ្នកនាំពាក្យក្រសួងការពារជាតិ បានចាត់ទុកថា នេះជាសកម្មភាពដ៏គឃ្លើនរបស់ថៃដែលរំលោភលើបទឈប់បាញ់ និងរំលោភបំពានបូរណភាពទឹកដីកម្ពុជា។

បើតាម ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា, ចាប់តាំងពីព្រឹកថ្ងៃទី៥ ខែសីហានេះ កងទ័ពកម្ពុជាបានធ្វើទំនាក់ទំនងជាមួយកងទ័ពថៃដើម្បីឱ្យកងទ័ពថៃរុះរើបន្លាលួស និងដកចេញនូវគ្រឿងចក្ររបស់ខ្លួនជាបន្ទាន់ពីដែនអធិបតេយ្យរបស់កម្ពុជា។ រហូតមកដល់ពេលនេះ មិនទាន់មានការរុះរើនៅឡើយ ហើយភាគីទាំងពីរបាននិងកំពុងពិភាក្សាគ្នា៕



 

Powered by Blogger.