អាល្លឺម៉ង់ ផ្អាកការនាំចេញអាវុធទៅអ៊ីស្រាអែល ដែលអាចនឹងប្រើប្រាស់នៅហ្គាហ្សា
ប៊ែរឡាំង៖ អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz បានប្រកាសនៅថ្ងៃសុក្រនេះថា រដ្ឋាភិបាលអាល្លឺម៉ង់នឹងមិនយល់ព្រមការនាំចេញគ្រឿងសព្វាវុធយោធាណាមួយ ដែលអាចនឹងប្រើប្រាស់នៅក្នុងតំបន់ហ្គាហ្សានោះទេ រហូតដល់មានការជូនដំណឹងជាថ្មី។
ការសម្រេចចិត្តនេះធ្វើឡើង
ដើម្បីឆ្លើយតបទៅនឹងផែនការរបស់អ៊ីស្រាអែលនៅក្នុងការពង្រីកប្រតិបត្តិការយោធារបស់ខ្លួននៅទីនោះ
ខណៈដែលគណៈរដ្ឋមន្ត្រីនយោបាយ-សន្តិសុខរបស់អ៊ីស្រាអែល ទើបតែបានអនុម័តផែនការគ្រប់គ្រងទីក្រុងហ្គាហ្សាកាលពីព្រឹកថ្ងៃសុក្រ។
លោក Merz បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា«រដ្ឋាភិបាលអាល្លឺម៉ង់ជឿជាក់ថា
សកម្មភាពយោធាដែលកាន់តែខ្លាំងឡើងនៅតំបន់ហ្គាហ្សា
ដែលត្រូវបានសម្រេចដោយគណៈរដ្ឋមន្ត្រីអ៊ីស្រាអែលកាលពីយប់មិញ នឹង
ធ្វើឱ្យការសម្រេចគោលដៅ ដូចជាការរំសាយអាវុធក្រុមហាម៉ាស និងការដោះលែងចំណាប់ខ្មាំង
កាន់តែមានភាពស្មុគស្មាញ»។
លោកបានបន្ថែមថា ការដោះលែងចំណាប់ខ្មាំង
និងការចរចាដើម្បីបទឈប់បាញ់ គឺជាអាទិភាពចម្បងរបស់អាល្លឺម៉ង់
ហើយលោកបានសម្តែងការព្រួយបារម្ភយ៉ាងជ្រាលជ្រៅចំពោះទុក្ខវេទនារបស់ជនស៊ីវិលនៅតំបន់ហ្គាហ្សា។
បើតាមសភាអាល្លឺម៉ង់បានឱ្យដឹងកាលពីខែមិថុនាថា អាជ្ញាប័ណ្ណនាំចេញសព្វាវុធទៅអ៊ីស្រាអែល
ដែលមានតម្លៃសរុប ៤៨៥ លានអឺរ៉ូ (៥៦៤ លានដុល្លារ) ត្រូវបានអនុម័តចាប់ពីថ្ងៃទី ៧ តុលា
២០២៣ ដល់ថ្ងៃទី ១៣ ឧសភា ២០២៥៕(ប្រភព៖ Reuters)
Post a Comment