កំពែងទី៣ជ្រុងខាងលិច ផ្នែកខាងជើងនៃប្រាសាទតាព្រហ្ម ប្រវែង២៧ម៉ែត្រ បានជួសជុល រួចរាល់ជាស្ថាពរ

ខេត្តសៀមរាប៖ ក្រុមអ្នកជំនាញផ្នែកជួសជុលប្រាសាទបុរាណ បានចំណាយពេលប្រមាណ៦ខែ ដើម្បីជួសជុលកំពែងថ្មបាយក្រៀម នៅជ្រុងខាងលិចផ្នែកខាងជើងរបស់ប្រាសាទតាព្រហ្ម ប្រវែង២៧ម៉ែត្រ កិច្ចការនេះបានចាប់តាំងតែពីខែកុម្ភៈ។ មកដល់ដើមខែសីហា ឆ្នាំ២០២៥ ការងារជួសជុលកំពែងថ្មបាយក្រៀមជ្រុងខាងលិចផ្នែកខាងជើងរបស់ប្រាសាទតាព្រហ្ម ប្រវែង២៧ម៉ែត្រ ដែលជាគម្រោងនៃកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា ជាមួយស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា(ASI)នេះ បានបញ្ចប់ជាស្ថាពរហើយ។

លោក Chitranjan Kumar ប្រធានគ្រប់គ្រងការដ្ឋានជួសជុលប្រាសាទតាព្រហ្ម ឱ្យដឹងថា ក្នុងគម្រោងជួសជុលកំពែងទី៣ របស់ប្រាសាទតាព្រហ្ម ត្រូវបានជួសជុលពង្រឹងឡើងវិញ២ចំណុច។ ចំណុចទី១ មានប្រវែង១០ម៉ែត្រ និងចំណុចទី២ប្រវែង១៧ម៉ែត្រ។ អ្នកគ្រប់គ្រងរូបនេះ បញ្ជាក់ថា ការខូចខាតរបស់កំពែងទាំងនេះ បណ្តាលមកពីកត្តាអាយុកាល កង្វះការថែទាំយូរអង្វែង និងរុក្ខជាតិដុះចាក់ឬស ដែលធ្វើឱ្យកំពែងនេះ ដួលរលំ និងផ្នែកខ្លះផ្អៀងមិនមានលំនឹង ត្រូវការជួសជុលឡើងវិញ ឱ្យស្របទៅតាមអនុសាសន៍អាយស៊ីស៊ី- អង្គរ និងសំបូរព្រៃគុក។
លោក Chitranjan Kumar បន្ថែមទៀតថា ក្រោយពីចំណាយពេល៦ខែ កំពែងប្រវែង២៧ម៉ែត្រ ទាំងពីរចំណុច បានរឹងមាំឡើងវិញ សំណង់កំពែងមានសុវត្ថិភាព មានសោភ័ណភាព បង្កើនវង់ទស្សនា និងលើកតម្លៃនៃរចនាសម្ពន្ធមួយចំណុចទៀតរបស់ប្រាសាទតាព្រហ្ម ដែលធ្លាប់តែរងការខូចខាតជាយូរមកហើយ ឱ្យមានភាពរឹងមាំយូរអង្វែងបន្តទៀត៕









Powered by Blogger.