ក្នុងខែកក្កដា ឆ្នាំ២០២៥ កុមារប្រមាណ ៣០០០នាក់ ទទួលបានការវះកាត់ដោយមិនគិតថ្លៃ នៅមន្ទីរពេទ្យគន្ធបុប្ផា

ភ្នំពេញ៖ រយៈពេលពេញមួយខែកក្កដា ក្នុងឆ្នាំ២០២៥នេះ មន្ទីរពេទ្យគន្ធបុប្ផាទាំងនៅគន្ធបុប្ផាភ្នំពេញ និងសៀមរាប បានជួយវះកាត់កុមារដែលមានជំងឺចំនួន ៣,០០១នាក់ ដោយឥតគិតថ្លៃគ្រប់ៗគ្នា និងដោយគ្មានការរើសអើង។

ក្នុងចំណោមនេះ មន្ទីរពេទ្យគន្ធបុប្ផាទាំងនៅភ្នំពេញ និងសៀមរាប បានវះកាត់បេះដូង និងភ្ជិតតប្រហោងបេះដូងតាមសរសៃឈាមលើកុមារចំនួន៨៤នាក់។ នេះបើតាមព័ត៌មានពិតនៃតួលេខ នៃការព្យាបាលរបស់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងខែកក្កដា ឆ្នាំ២០២៥។

ជារួមនៅក្នុងរយៈពេលពេញ១ខែកក្កដា មន្ទីរពេទ្យគន្ធបុប្ផាទាំងនៅភ្នំពេញ និងនៅសៀមរាប បានពិនិត្យព្យាបាលលើកុមារដែលឈឺប្រមាណ ១០ម៉ឺននាក់ ក្នុងនោះចំនួន ៩២,១៤៨នាក់ នៅក្នុងផ្នែកពិគ្រោះជំងឺក្រៅ, កុមារមានជំងឺធ្ងន់ៗ ២២,៩១៧នាក់ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ និងកុមារមានជំងឺគ្រុនឈាម ចំនួន ៣,៩១៨នាក់។

ក្រៅពីព្យាបាលកុមារ នៅផ្នែកសម្ភពនៃមន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣) ក៏បានពិនិត្យផ្ទៃពោះ និងព្យាបាលជូនស្ត្រីមានផ្ទៃពោះចំនួន ៨,៩៣៣នាក់ ដែលមកពិនិត្យតាមដានផ្ទៃពោះ និងទទួលសេវាព្យាបាល។ នៅក្នុងផ្នែកពិគ្រោះជំងឺក្រៅនៃមន្ទីរសម្ភព ក្រុមគ្រូពេទ្យជំនាញបានជួយសម្រាលកូនបានលើស្ត្រីចំនួន ១,៦០២នាក់។

មូលនិធិគន្ធបុប្ផាកម្ពុជា អះអាងថារាល់ការព្យាបាលទាំងអស់ គឺឥតគិតថ្លៃ និងដោយគ្មានការរើសអើង សម្រាប់អ្នកមកទទួលសេវាគ្រប់ៗគ្នា។

គួរឱ្យដឹងថា តាំងពីមន្ទីរពេទ្យគន្ធបុប្ផា ចាប់ផ្តើមដំណើរការឡើងវិញនៅឆ្នាំ១៩៩២, មន្ទីរពេទ្យនេះបានទទួលការពិនិត្យ និងព្យាបាលនៅផ្នែកពិគ្រោះជំងឺក្រៅ កុមារ និងស្រ្តីមានផ្ទៃពោះចំនួនប្រមាណ ២៣លានករណី, បានទទួលកុមារមកសម្រាកព្យាបាលធ្ងន់ធ្ងរប្រមាណ ២,៨លាននាក់ និងសម្រាលកូនជូនស្រ្តីមានផ្ទៃពោះចំនួនប្រមាណ ៤១ម៉ឺននាក់។

កាលពីឆ្នាំ២០២៤កន្លងទៅ មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ និងនៅសៀមរាប បានពិនិត្យ និងព្យាបាលលើកុមារ ទារក និងស្ត្រីមានផ្ទៃពោះ ឆ្លងទន្លេ ដោយឥតគិតថ្លៃសរុប ១,២៥៣,៧៧៤ករណី ខណៈក្នុង១ឆ្នាំៗ មន្ទីរពេទ្យគន្ធបុប្ផា ត្រូវចំណាយថវិកាជាង៤០លានដុល្លារសហរដ្ឋអាមេរិក ដើម្បីសង្គ្រោះអាយុជីវិតកុមារកម្ពុជា៕




 

Powered by Blogger.