បញ្ហាព្រំដែន មិនអាចធ្វើការកែប្រែតាមរយៈការប្រើប្រាស់កម្លាំងជាដាច់ខាត គឺត្រូវតែដោះស្រាយតាមយន្តការបច្ចេកទេស និងយន្តការច្បាប់អន្តរជាតិ
ភ្នំពេញ៖ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានគូសបញ្ជាក់ថា បញ្ហាព្រំដែនគឺមិនអាចធ្វើការកែប្រែតាមរយៈការប្រើប្រាស់កម្លាំងជាដាច់ខាត បញ្ហាព្រំដែនត្រូវតែដោះស្រាយតាមយន្តការបច្ចេកទេស និងយន្តការច្បាប់អន្តរជាតិ។
ការគូសបញ្ជាក់យ៉ាងដូច្នេះរបស់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា
ធ្វើឡើងក្នុងការធ្វើសេចក្តីសង្ខេបព័ត៌មានស្តីពីលទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ
នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
លោកជំទាវ
ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានលើកឡើងថា កម្ពុជាសូមប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់
និងច្បាស់លាស់បំផុតនូវការតាំងចិត្តរបស់ខ្លួនដោយឥតងាករេក្នុងការគោរពការអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវលក្ខខណ្ឌនៃកិច្ចព្រមព្រៀងឈប់បាញ់
រួមនឹងស្មារតីនៃការឯកភាពគ្នានៅក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការកិច្ចព្រំដែនទូទៅកម្ពុជា-ថៃ
កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥
ដែលការប្តេជ្ញាចិត្តរបស់កម្ពុជាគឺធ្វើការប្រកបដោយស្មារតីស្ថាបនា និងដោយ ស្មោះត្រង់
សហការយ៉ាងជិតស្និទ្ធជាមួយភាគីថៃ ប្រទេសម៉ាឡេស៊ី
និងជាមួយបណ្តាប្រទេសសមាជិកអាស៊ានដទៃទៀត រួមនឹងដៃគូពាក់ព័ន្ធទាំងឡាយ
ដើម្បីធានាការអនុវត្តបទឈប់បាញ់ប្រកប ដោយប្រសិទ្ធភាព ពេញលេញ
និងដោះស្រាយវិវាទដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ
និងធម្មនុញ្ញអាស៊ាន៕
Post a Comment