ភ្នំពេញ៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម
នៃក្រសួងមហាផ្ទៃ នឹងរៀបចំកិច្ចប្រជុំជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ និងជំនាញពាក់ព័ន្ធ
នៅថ្ងៃទី១២ សីហានេះ ដើម្បីសម្របសម្រួលផ្តល់ឯកសារអត្តសញ្ញាណកម្មជូនប្រជាពលរដ្ឋខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃ។
យោងតាមរបៀបវារៈ កិច្ចប្រជុំនេះនឹងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ និងថ្នាក់ដឹកនាំទាំងថ្នាក់ជាតិ
និងថ្នាក់ក្រោមជាតិ ចាប់ពីអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម រហូតដល់ថ្នាក់ដឹកនាំរដ្ឋបាលរាជធានី-ខេត្ត
និងរដ្ឋបាលក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់។
លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ
ថ្លែងថា កិច្ចប្រជុំនេះមានគោលដៅធ្វើឱ្យសម្រេចបានការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល
ដែលមានក្រសួងមហាផ្ទៃជាសេនាធិការ សម្រាប់ប្រជាពលរដ្ឋចំណាកស្រុកដែលទើបវិលពីប្រទេសថៃ ដើម្បីចាប់ផ្ដើមជីវភាពថ្មី
ដែលត្រូវការឯកសារអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្មសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ ក្នុងករណីពួកគាត់ពុំមាន
ឬពុំធ្លាប់បានធ្វើពីមុនមក។
គួរកត់សម្គាល់ថា
កិច្ចប្រជុំនេះនឹងប្រព្រឹត្តទៅរយៈពេល១ថ្ងៃ ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប
នេត អគ្គនាយកនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងវាគ្មិនជាថ្នាក់ដឹកនាំរបស់អគ្គនាយកដ្ឋាន
ដែលនឹងធ្វើបទអន្តរាគមន៍សង្ខេបស្តីពីការងារចុះបញ្ជីអត្រានុកូលដ្ឋាន ការងារចុះបញ្ជីស្នាក់នៅ
និងការងារផ្តល់អត្តសញ្ញាណបណ្ណ។
សូមបញ្ជាក់ថា អនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់សម្តេចបវរធិបតី
ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំឱ្យរដ្ឋបាលរាជធានី ខេត្ត យកចិត្តទុកដាក់សហការជាមួយក្រសួងស្ថាប័ន
និងអង្គភាពពាក់ព័ន្ធ ដើម្បីសម្រួលការទទួលដំណើរវិលចូលប្រទេសរបស់ពលរដ្ឋពីប្រទេសថៃ ការដឹកជញ្ជូនដោយឥតគិតថ្លៃទៅកាន់ស្រុកកំណើត
ការផ្ដល់ជំនួយឧបត្ថម្ភគាំទ្រ និងការបង្កលក្ខណៈឱ្យពួកគាត់ចាប់យកឱកាសការងារថ្មី រួមទាំងកុមារដែលត្រូវទទួលការសិក្សា
ខណៈមកទល់ពេលនេះមានប្រជាពលរដ្ឋខ្មែរវិលពីប្រទេសថៃប្រមាណជិត១លាននាក់ហើយ៕
Post a Comment