អ្នកនាំពាក្យការបរទេស៖ វិធានការផ្លូវច្បាប់របស់ថៃ ជាការបង្វែរការចាប់អារម្មណ៍ក្នុងប្រទេសថៃ និងអន្តរជាតិ ពីនយោបាយអមិត្តខ្លួនប្រឆាំងនឹងកម្ពុជា

ភ្នំពេញ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ជុំ សុន្ទរី បានថ្លែងថា វិធានការផ្លូវច្បាប់របស់ថៃ ដែលប្តឹងកម្ពុជា ជាការបង្វែរការចាប់អារម្មណ៍របស់សាធារណៈមតិនៅក្នុងប្រទេសថៃ និងអន្តរជាតិ ពីនយោបាយអមិត្តរបស់ថៃប្រឆាំងនឹងកម្ពុជា ជាពិសេសគឺការវាយប្រហារដោយឥតមូលហេតុលើទឹកដីកម្ពុជា។

ក្នុងសន្និសីទព័ត៌មានរបស់អ្នកនាំពាក្យរាជរដ្ឋាភិបាល នាព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥ លោក ជុំ សុន្ទរី បានបន្តថា វិធានការផ្លូវច្បាប់នេះ បានបង្ហាញឱ្យឃើញយ៉ាងច្បាស់ថា ថៃមានគោលដៅបង្វែរចេញពីការតិទៀនលើការខូចខាតរបស់ប្រជាជនស៊ីវិល ការរំលោភបំពានរបស់ថៃចំពោះច្បាប់មនុស្សធម៌អន្តរជាតិ និង ការមិនគោរពរបស់ថៃជាបន្តបន្ទាប់ទៅលើបទឈប់បាញ់។

អ្នកនាំពាក្យក្រសួងការបរទេស បានបញ្ជាក់យ៉ាងដូច្នេះថា «វិធានការផ្លូវច្បាប់នេះ គឺពុំមានមូលដ្ឋានសោះឡើយ ហើយវាបង្ហាញពីការប៉ុនប៉ងដោយចេតនា បង្វែងការចាប់អារម្មណ៍របស់សាធារណៈមតិ ទាំងនៅក្នុងប្រទេសថៃ និងអន្តរជាតិ ពីនយោបាយពីនយោបាយអមិត្តរបស់ថៃប្រឆាំងនឹងកម្ពុជា»

សូមជម្រាបថា នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ លោក Phumtham Wechayachai នាយករដ្ឋមន្ត្រីស្តីទី បានឲ្យដឹងថា ដើម្បីឆ្លើយតបទៅនឹងការប្រើប្រាស់កម្លាំងយោធា និងអាវុធរបស់កម្ពុជា រំលោភលើអធិបតេយ្យភាពរបស់ប្រទេសថៃ ដែលបណ្តាលឲ្យបាត់បង់អាយុជីវិត និងទ្រព្យសម្បត្តិប្រជាពលរដ្ឋ បុគ្គលិកយោធា និងភ្នាក់ងាររដ្ឋាភិបាល នាយកដ្ឋានពាក់ព័ន្ធត្រូវចាត់វិធានការតាមផ្លូវច្បាប់។ នេះរួមបញ្ចូលទាំងសំណុំរឿង ព្រហ្មទណ្ឌ និងរដ្ឋប្បវេណីទាំងក្នុង និងក្រៅប្រទេស ព្រមទាំង ច្បាប់ពាក់ព័ន្ធដទៃទៀត៕



 

Powered by Blogger.