គណៈរដ្ឋមន្ត្រីអ៊ីស្រាអែល អាចនឹងបញ្ជាឲ្យមានការកាន់កាប់តំបន់ហ្គាហ្សាទាំងស្រុង
ហ្គាហ្សា៖ ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលបានរាយការណ៍ថា គណៈរដ្ឋមន្ត្រីរបស់ប្រទេសនេះ អាចនឹងអនុម័តឲ្យមានការកាន់កាប់តំបន់ហ្គាហ្សាទាំងស្រុងដោយយោធា ដែលជាលើកដំបូងក្នុងរយៈពេលពីរទសវត្សរ៍។ ការពិចារណានេះធ្វើឡើង ទោះបីជាមានសម្ពាធយ៉ាងខ្លាំងក្លាពីសហគមន៍អន្តរជាតិឲ្យមានការឈប់បាញ់ និងបន្ធូរបន្ថយស្ថានភាពមនុស្សធម៌ដ៏អាក្រក់ក៏ដោយ។
យោងតាមទូរទស្សន៍ Channel
12 របស់អ៊ីស្រាអែល នាយករដ្ឋមន្ត្រី បេនចាមីន នេតាន់យ៉ាហ៊ូ
កំពុងមានទំនោរទៅរកការវាយលុកទ្រង់ទ្រាយធំ ដើម្បីការគ្រប់គ្រងតំបន់ទាំងមូល
បន្ទាប់ពីសង្គ្រាមរយៈពេល ២២ខែជាមួយក្រុមហាម៉ាសបានជាប់គាំង។
ប្រភពជាន់ខ្ពស់អ៊ីស្រាអែលម្នាក់បានបញ្ជាក់ថា
ការប្រើប្រាស់កម្លាំងបន្ថែមទៀតគឺជាជម្រើសមួយ
បន្ទាប់ពីកិច្ចចរចាឈប់បាញ់ដោយប្រយោលបានដួលរលំ។
ការកាន់កាប់តំបន់ហ្គាហ្សាទាំងស្រុង
នឹងជាការផ្លាស់ប្តូរនូវការសម្រេចចិត្តឆ្នាំ២០០៥ ដែលអ៊ីស្រាអែលបានដកទ័ព
និងអ្នកតាំងលំនៅចេញពីតំបន់នេះ។ ទោះយ៉ាងណា យោធាអ៊ីស្រាអែលបានប្រឆាំងនឹងគំនិតនេះ
ដោយសារក្តីបារម្ភអំពីបន្ទុកនៃការគ្រប់គ្រងរយៈពេលវែង និងកង្វះកម្លាំងទ័ព។
សូមជម្រាបថា សង្គ្រាមនេះបានផ្ទុះឡើងនៅថ្ងៃទី៧
ខែតុលា ឆ្នាំ២០២៣។ ប្រតិបត្តិការយោធារបស់អ៊ីស្រាអែលបានសម្លាប់ប្រជាជនប៉ាឡេស្ទីនជាង
៦០,០០០នាក់ បង្ខំឲ្យប្រជាជនស្ទើរតែទាំងអស់ភៀសខ្លួន និងបង្កវិបត្តិអត់ឃ្លាន
ដែលនាំឱ្យមានការថ្កោលទោសជាអន្តរជាតិយ៉ាងទូលំទូលាយ៕
Post a Comment