ម៉ាឡេស៊ី ប្រើផ្កាយរណប តាមដានបទឈប់បាញ់រវាងកម្ពុជា និងថៃ
គូឡាឡាំពួ៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim នៅថ្ងៃអង្គារ ទី៥ ខែសីហា បាននិយាយថា បានត្រៀមលក្ខណៈរួចជាស្រេចដើម្បីបញ្ជូនក្រុមអ្នកតាមដានទៅកាន់ ព្រំដែនកម្ពុជា និងថៃ ប្រសិនបើមានការស្នើសុំពីប្រទេសទាំង២។
ក៏ប៉ុន្តែព្រមពេលជាមួយគ្នា លោក Anwar
បានបញ្ជាក់ថាការសម្រេចចិត្តពាក់ព័ន្ធនឹងវត្តមានយោធាសម្រាប់ការតាមដានអាចនឹងត្រូវបានសម្រេចនៅពេលក្រោយ
ខណៈស្ថានការណ៍ នៅតំបន់ព្រំដែនរវាងប្រទេសទាំង២កំពុងស្ថិតនៅក្រោមការគ្រប់គ្រង។ «មិនថាជាវត្តមានយោធាដែលជាតម្រូវការសម្រាប់ការតាមដាននឹងត្រូវបានសម្រេចនៅពេលក្រោយ។
ពីព្រោះ បច្ចុប្បន្នស្ថានការណ៍នៅតែបន្តស្ថិតក្រោមការគ្រប់គ្រង
បើទោះជាមានភាពតានតឹងនៅឡើយក៏ដោយ»។ នេះជាការគូសបញ្ជាក់របស់លោក
Anwar ដោយបន្ថែមថាម៉ាឡេស៊ីកំពុងតាមដានការអនុវត្តបទឈប់បាញ់ដោយប្រើផ្កាយរណប។
បើតាមលោក Anwar Ibrahim មកទល់នឹងពេលនេះ កម្ពុជា និងថៃ
បានស្នើឱ្យម៉ាឡេស៊ីជួយសម្របសម្រួលកិច្ចចរចារវាងក្រុមមន្ត្រីជាន់ខ្ពស់នៃក្រសួងការពារជាតិរបស់
ប្រទេសទាំង២ ក្នុងទីក្រុងគូឡាឡាំពួនៅថ្ងៃទី៧ ខែសីហា៕
Post a Comment