ស្ថានភាពតាមព្រំដែននៅខេត្តព្រះវិហារ និងខេត្តឧត្ដរមានជ័យ មានសភាពស្ងប់ស្ងាត់ ខណៈកម្លាំងកម្ពុជាបានកំពុងប្រុងប្រយ័ត្នយ៉ាងម៉ឺងម៉ាត់

ភ្នំពេញ៖ លោកស្រីឧត្ដមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា គិតចាប់ពីម៉ោង១២ រំលងអាធ្រាត ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ រហូតមកដល់ម៉ោង៦៖០០នាទីព្រឹកនេះ ស្ថានភាពតាមព្រំដែននៅខេត្តព្រះវិហារ និងខេត្តឧត្ដរមានជ័យ មានសភាពស្ងប់ស្ងាត់ ខណៈកម្លាំងកម្ពុជាបានកំពុងប្រុងប្រយ័ត្នយ៉ាងម៉ឺងម៉ាត់។

ក្នុងសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ នាព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី លោកស្រីឧត្ដមសេនីយ៍ឯក ម៉ាលី សុជាតា បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «គិតចាប់ពីម៉ោង១២ រំលងអាធ្រាត ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ មកដល់ម៉ោង៦៖០០នាទីព្រឹកនេះ មានសភាស្ងប់ស្ងាត់ នៅតាមព្រំដែនបណ្តោយព្រំដែនខេត្តព្រះវិហារ និងឧត្តរមានជ័យ ចំពោះកងកម្លាំងមានការប្រុងប្រយ័ត្នខ្ពស់បំផុតក្នុងការបំពេញតួនាទីរបស់ខ្លួន។ កម្ពុជាបានគោរពយ៉ាងម៉ឺងម៉ាត់បំផុតចំពោះបទឈប់បាញ់ ដែលបានឯកភាពគ្នានៅប្រទេសម៉ាឡេស៊ីកាលពីថ្ងៃទី២៨ កក្កដាឆ្នាំ២០២៥»

លោកស្រីឧត្ដមសេនីយ៍ឯកបានបន្ដថា ក្រសួងការពារជាតិ បានប្តេជ្ញាចិត្តយ៉ាងពេញលេញចំពោះកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលសម្រេចបានកិចខំប្រឹងប្រែងនាំមុខដោយលោក ដូ ណាល់ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក និង នាយករដ្ឋមន្ត្រី ម៉ាឡេស៊ី ដោយមានការចូលរួមពីភាគីចិន។

លោកស្រីឧត្ដមសេនីយ៍ឯក អ្នកនាំពាក្យបានអះអាងថា បទឈប់បាញ់បានទទួលគាំទ្រនិងស្វាគមន៍ពីយ៉ាងទូលំទូលាយពីសហគមន៍អន្តរជាតិ និងឆ្លុះបញ្ចាំងពីបំណងរួមសម្រាប់សន្តិភាព នៅក្នុងតំបន់ ។

ជាមួយគ្នានេះ លោកស្រីឧត្ដមសេនីយ៍ឯក ម៉ាលី សុជាតា បានបន្ថែមថា ក្នុងនាមជាប្រទេសដែលមានទំនួលខុសត្រូវខ្ពស់ និងស្រឡាញ់សន្តិភាព កម្ពុជាបានប្រកាន់ខ្ជាប់នូវលក្ខខណ្ឌបទឈប់បាញ់ និងកិច្ចសហប្រតិបត្តិការ ដោយមិនទទួលយកការប្រឈមមុខដាក់គ្នា និងជម្លោះឡើយ ។ ការប្រកាន់ខ្ជាប់របស់កម្ពុជាក្នុងការគោរពបទឈប់បាញ់ បង្ហាញពីការគោរពនូវការខិតខំប្រឹងប្រែងមិនចេះនឿយហត់របស់មិត្តអន្តរជាតិ និងសន្តិភាពយូរអង្វែងក្នុងតំបន់៕



 

Powered by Blogger.