អាមេរិកនឹងតាមដានយ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីឲ្យការអនុវត្តបទឈប់បាញ់កម្ពុជា-ថៃដំណើរទៅប្រកបដោយភាពជោគជ័យ និងមានប្រសិទ្ធភាព
ភ្នំពេញ៖ ថ្លែងនៅក្នុងការធ្វើបច្ចុប្បន្នភាពព័ត៌មានស្ដីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅទីស្ដីការគណៈរដ្ឋមន្ត្រី នាម៉ោង ៧:០០ ព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នេះ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិបានគូសបញ្ជាក់ថា សហរដ្ឋអាមេរិកបានបញ្ជាក់ពីជំហររបស់ខ្លួន ក្នុងការគាំទ្របទឈប់បាញ់ ដែលជាគំនិតផ្តួចផ្តើមរបស់ឯកឧត្តមប្រធានាធិបតី Donald Trump (ដូណាល់ ត្រាំ) និងបានដឹកនាំដោយប្រទេសម៉ាឡេស៊ី ដែលជាប្រធានអាស៊ានប្តូរវេន ក្នុងការអនុវត្តបទឈប់បាញ់។ លោកស្រីបានបន្តថា សហរដ្ឋអាមេរិកនឹងតាមដានយ៉ាងយកចិត្តទុកដាក់បំផុតដើម្បីឲ្យការអនុវត្តនេះដំណើរទៅប្រកបដោយភាពជោគជ័យ និងមានប្រសិទ្ធភាព។
ដើម្បីគាំទ្រដល់ការតាមដានការអនុវត្តបទឈប់បាញ់នេះ
បើតាមលោកស្រីអ្នកនាំពាក្យនឹងចូលរួមគាំទ្រផ្នែកភស្តុភា និងបច្ចេកទេសសំខាន់ៗ
ដើម្បីបង្កើតក្រុមការងារអ្នកសង្កេតការណ៍អាស៊ាន (AMT) ឲ្យបានលឿនបំផុត។
លើសពីនេះទៅទៀត សហរដ្ឋអាមេរិច
ក៏បានបង្ហាញពីអ្វីដែលជាការអនុវត្តបន្តរបស់សហរដ្ឋអាមេរិក រួមមាន៖ ការធ្វើផែនការយោធា,
គ្រឿងបរិក្ខារ, ប្រព័ន្ធបញ្ជូនកម្លាំង,
ប្រព័ន្ធឃ្លាំមើលតាមអាកាស និងសម្ភារបច្ចេកទេសទំនើបជាច្រើនទៀត។
លោកជំទាវ ម៉ាលី សុជាតា បានសង្កត់ធ្ងន់ថា ការរួមចំណែករបស់សហរដ្ឋអាមេរិកទាំងនេះគឺជាការបង្ហាញពីការតាំងចិត្តខ្ពស់
និងបានត្រៀមខ្លួនចូលរួម កសាងឱ្យមានសន្តិភាពកើតឡើងពិតប្រាកដ។
គួរបញ្ជាក់ថាកាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥
ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ
និងគណៈប្រតិភូយោធាជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ បានជួបជាមួយនាយឧត្តមនាវី Samuel
Paparo មេបញ្ជាការ បញ្ជាការដ្ឋានឥណ្ឌូប៉ាស៊ីហ្វិក សហរដ្ឋអាមេរិក (USINDOPACOM)
និងឯកឧត្តម Edgard Kagan ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក
ប្រចាំនៅប្រទេសម៉ាឡេស៊ី ក្នុងឱកាសចូលរួមកិច្ចប្រជុំ GBC ជាមួយភាគីថៃ៕
Post a Comment