លោក ដូណាល់ ត្រាំ ប្រកាសថានឹងជួបលោក ពូទីន ដោយផ្ទាល់ក្នុងពេលឆាប់ៗ
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយនៅថ្ងៃពុធ ទី៦ ខែសីហា ថារូបលោកអាចនឹងជួបលោកប្រធានាធិបតីរុស្ស៉ី វ្ល៉ាឌីមៀ ពូទីន ក្នុងពេលឆាប់ៗ បន្ទាប់ពីអ្វី ដែលលោកហៅថាជាកិច្ចពិភាក្សាប្រកបដោយផ្លែផ្កាក្នុងទីក្រុងមូស្គូ រវាងបេសកជនពិសេសរបស់លោក និងលោក ពូទីន។
ការប្រកាសខាងលើរបស់លោក ត្រាំ
ធ្វើឡើងបន្ទាប់ពីលោក បើកកិច្ចពិភាក្សាតាមទូរស័ព្ទជាមួយប្រធានាធិបតីអ៊ុយក្រែន លោក
វ៉ូឡូឌីមៀ ហ្សេលេនស្គី។ នៅពេលត្រូវបាន សាកសួរថាតើនៅពេលណា
ទើបរូបលោកនឹងជួបមេដឹកនាំរុស្ស៉ី និងអ៊ុយក្រែន លោក ត្រាំ បានឆ្លើយថា «វាមានឱកាសល្អមួយដែលនឹងមានកិច្ចប្រជុំមួយក្នុងពេលឆាប់ៗ»។
លោក ត្រាំ មិនបាន
ផ្ដល់ព័ត៌មានលម្អិតថាតើនឹងជួបលោក ពូទីន នៅទីណាទេ។
តែប្រសិនបើជំនួបកំពូលនេះកើតឡើងពិតមែន
នោះវានឹងក្លាយជាលើកដំបូងបំផុតដែលមេដឹកនាំនៃប្រទេសទាំង២បានជួបគ្នាក្នុង
កិច្ចប្រជុំកំពូលមួយ ចាប់តាំងពីលោក ចូ បៃដិន បានជួបលោក ពូទីន ក្នុងទីក្រុងហ្សឺណែវ
ប្រទេសស្វីស កាលពីខែមិថុនា ឆ្នាំ២០២១។
បើតាម សារព័ត៌មានអាមេរិក New
York Times និង CNN ក៏បានរាយការណ៍ដោយផ្អែកលើប្រភពពីក្រុមមន្ត្រីអាមេរិកដែរថាលោក
ត្រាំ មានគម្រោងអង្គុយទល់មុខពិភាក្សាជាមួយលោក ពូទីន អាចនៅសប្ដាហ៍ក្រោយ ហើយក្រោយមកលោកប្រធានាធិបតីអាមេរិក
ចង់រៀបចំកិច្ចប្រជុំត្រីភាគីជាមួយលោក ពូទីន និងលោក ហ្សេលេនស្គី។ លោក ត្រាំ
បានដាក់ឱសានវាទត្រឹមថ្ងៃទី៨ ខែសីហា ដើម្បីឱ្យលោក ពូទីន
យល់ព្រមលើបទឈប់បាញ់ជាមួយអ៊ុយក្រែន បើពុំដូច្នោះទេ
លោកនឹងដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរលើរុស្ស៉ី៕
Post a Comment