លោក ត្រាំ ដំឡើងពន្ធបន្ថែម ២៥% លើឥណ្ឌា, អត្រាសរុបកើនដល់ ៥០% ដើម្បីជាការពិន័យឥណ្ឌា ដែលទិញប្រេងរុស្ស៊ី
វ៉ាស៊ីនតោន៖ ប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសដំឡើងពន្ធបន្ថែម ២៥ភាគរយទៀតទៅលើប្រទេសឥណ្ឌា កាលពីយប់ថ្ងៃពុធ ដើម្បីជាការពិន័យ ចំពោះការដែលឥណ្ឌាបន្តនាំចូលប្រេងឆៅពីរុស្ស៊ី ដែលលោកចាត់ទុកថា ជាការផ្តល់មូលនិធិដល់សង្គ្រាមរបស់លោក វ៉្លាឌីមៀ ពូទីន នៅអ៊ុយក្រែន។
ការដំឡើងពន្ធចុងក្រោយនេះ
បានធ្វើឲ្យអត្រាពន្ធសរុបលើទំនិញឥណ្ឌាដែលនាំចូលមកសហរដ្ឋអាមេរិក កើនឡើងដល់ ៥០ភាគរយ
ដែលខ្ពស់ជាងពន្ធលើចិន ២០ភាគរយ និងខ្ពស់ជាងពន្ធលើប៉ាគីស្ថាន ៣១ភាគរយ។ ពន្ធ «ពិន័យ» នេះនឹងចូលជាធរមានក្នុងរយៈពេល ២១ថ្ងៃទៀត។
នៅក្នុងបទបញ្ជាប្រតិបត្តិមួយ
ដែលបានចុះហត្ថលេខានៅថ្ងៃដដែល, លោក ត្រាំ បានសរសេរថា «ខ្ញុំយល់ឃើញថារដ្ឋាភិបាលឥណ្ឌាបច្ចុប្បន្ន
កំពុងនាំចូលប្រេងពីរុស្ស៊ី...ខ្ញុំយល់ឃើញថាវាចាំបាច់ក្នុងការដាក់ពន្ធបន្ថែមលើទំនិញនាំចូលពីឥណ្ឌា...»។
ចំណាត់ការនេះ បានគំរាមកំហែងធ្វើឲ្យទំនាក់ទំនងរវាងសហរដ្ឋអាមេរិក
និងឥណ្ឌាកាន់តែស្មុគស្មាញ ហើយបានកើតឡើងមិនយូរប៉ុន្មាន បន្ទាប់ពីមានរបាយការណ៍ថា
នាយករដ្ឋមន្ត្រីឥណ្ឌា លោក នរិន្ទ្រា ម៉ូឌី
នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសចិនជាលើកដំបូងក្នុងរយៈពេលជាង ៧ឆ្នាំ នៅចុងខែនេះ។
ទំនាក់ទំនងរវាងអាមេរិក និងឥណ្ឌា
កំពុងប្រឈមមុខនឹងវិបត្តិដ៏ធ្ងន់ធ្ងរបំផុតក្នុងរយៈពេលជាច្រើនឆ្នាំ
បន្ទាប់ពីកិច្ចចរចាពាណិជ្ជកម្មបានបរាជ័យ។
ការសម្រេចចិត្តនេះផងដែរ
បានកើតឡើងបន្ទាប់ពីបេសកជនកំពូលរបស់លោក ត្រាំ គឺលោក Steve Witkoff បានបើកកិច្ចពិភាក្សានៅទីក្រុងមូស្គូ ក្នុងគោលបំណងជំរុញឲ្យរុស្ស៊ីយល់ព្រមលើកិច្ចព្រមព្រៀងសន្តិភាពនៅអ៊ុយក្រែន។
លោក ត្រាំ បានគំរាមដំឡើងពន្ធលើរុស្ស៊ី
និងដាក់ទណ្ឌកម្មបន្ទាប់បន្សំលើសម្ព័ន្ធមិត្តរបស់រុស្ស៊ី ប្រសិនបើលោកប្រធានាធិបតី
វ៉្លាឌីមៀ ពូទីន មិនចាត់វិធានការបញ្ចប់សង្គ្រាមនៅអ៊ុយក្រែនទេ៕ (ប្រភព៖ Reuters)
Post a Comment