ឃុំចំនួន៥ នៃស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ នឹងក្លាយជាគោលដៅក្នុងការអនុវត្តគម្រោងកសិកម្មស្ងួត-សើម (AWD) បែបទំនើប

ខេត្តកំពង់ស្ពឺ៖ ឃុំចំនួន៥ នៃស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ នឹងក្លាយជាគោលដៅក្នុងការអនុវត្តគម្រោងកសិកម្មស្ងួត-សើម (AWD) របស់ក្រុមហ៊ុនThanks Carbon Inc និងអង្គការសម្ព័ន្ធភាពដៃគូ ដើម្បីការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ (សម្ព័ន្ធភាពCPDD)។ នេះបើយោងតាមការលើកឡើងរបស់បណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ ក្នុងឱកាសចុះអនុស្សារណៈនៃការយោគយល់គ្នា (MoU) រវាងក្រុមហ៊ុន Thanks Carbon Inc និងអង្គការសម្ព័ន្ធភាពដៃគូដើម្បីការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ (សម្ព័ន្ធភាព CPDD) ព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ នៅរដ្ឋបាលខេត្តកំពង់ស្ពឺ។

បណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកឡើងថា រដ្ឋបាលខេត្ត តាមរយៈមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះអនុស្សារណៈនៃការយោគយល់ជាមួយក្រុមហ៊ុន Thanks Carbon Inc., និងអង្គការសម្ព័ន្ធភាពដៃគូដើម្បីការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ (សម្ព័ន្ធភាពCPDD) ដើម្បីបង្ហាញអំពីទស្សនទាន និងគោលដៅគម្រោងស្ងួត-សើម (AWD) ក្នុងការស្វែងរកកិច្ចសហការសម្រាប់ការអនុវត្ត គម្រោង។ តាមរយៈនេះក៏បានកំណត់នូវឱកាស បញ្ហាប្រឈម និងអនុសាសន៍នានាពាក់ព័ន្ធនឹងគម្រោងស្ងួត-សើម ជាពិសេសដើម្បីឱ្យការអនុវត្តគម្រោងបានចូលរួមចំណែកក្នុងការផ្សាភ្ជាប់ និងគាំទ្រផ្នែកច្បាប់ គោលនយោបាយ និងបទដ្ឋានគតិយុត្តិរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានជាធរមានក្នុងការលើកកម្ពស់ជីវភាពរស់នៅឱ្យកាន់តែប្រសើរឡើងរបស់ប្រជាកសិករទូទៅ។

ឯកឧត្តមអភិបាលខេត្តបានគូសបញ្ជាក់ថា ខេត្តកំពង់ស្ពឺ គឺជាខេត្តមួយដែលមានសក្តានុពលខ្លាំងលើវិស័យកសិកម្ម ពិសេសគឺដំណាំស្រូវ ក្នុងមួយឆ្នាំៗប្រជាកសិករក្នុងខេត្តនេះអាចផលិតស្រូវបានជាងមួយលានតោនដើម្បីផ្គត់ផ្គង់ដល់ទីផ្សារ ដូច្នេះគម្រោងកសិកម្មស្ងួត-សើម របស់ក្រុមហ៊ុន និងអង្គការសម្ព័ន្ធភាពដែលជ្រើសយកឃុំគោលដៅទាំង៥ក្នុងស្រុកបសេដ្ឋរួមមានទី១៖ ឃុំពោធិម្រាល, ២៖ ឃុំនិទាន , ៣៖ ឃុំពោធិចំរើន, ៤៖ ឃុំពោធិ៍អង្រ្កង, ៥៖ ឃុំព្រះខែ និងធ្វើឱ្យមានទំនើបកម្មលើវិស័យកសិកម្ម នៅក្នុងស្រុកនេះមានលក្ខណៈប្រកួតប្រជែង បរិយាបន្ន ធន់នឹងការប្រែប្រួលអាកាសធាតុ និងនិរន្តរភាព បង្កើនប្រាក់ចំណូលគ្រួសារកសិករ វិបុលភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ តាមអភិក្រម និងវិសាលភាពថ្មី ដើម្បីប្រែក្លាយវិស័យនេះពីដំណាក់កាលនៃការអភិវឌ្ឍតាមបែបវិបុលកម្ម ពោលគឺពឹងផ្អែកជាសំខាន់លើធនធានដែលមានស្រាប់ (ធនធានដី និងធនធានធម្មជាតិផ្សេងៗទៀត) ឈានទៅរកដំណាក់កាលថ្មីដែលផ្តោតលើ ប្រពលវប្បកម្ម ពោលគឺពឹងផ្អែកជាសំខាន់លើការប្រើប្រាស់បច្ចេកទេស បច្ចេកវិទ្យាថ្មី កសិកម្មវៃឆ្លាត ការស្រាវជ្រាវ និងការអភិវឌ្ឍយន្តូបនីយកម្មផងដែរ៕








 

Powered by Blogger.