លោក ត្រាំ ថានឹងជួបលោក ពូទីន នាសប្តាហ៍ក្រោយ នៅរដ្ឋ Alaska សហរដ្ឋអាមេរិក

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយនាថ្ងៃសុក្រ ទី៨ ខែសីហាថា រូបលោកនឹងជួបជាមួយ​ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន នៅថ្ងៃទី១៥ ខែសីហា ក្នុងរដ្ឋ Alaska របស់សហរដ្ឋអាមេរិក។

លោក ត្រាំ បានប្រកាសអំពីដំណឹងខាងលើតាមរយៈបណ្តាញសង្គម Truth Social។ លោកប្រធានាធិបតីអាមេរិក បានប្រាប់ឱ្យដឹងយ៉ាងដូច្នេះថា «ជំនួបដែលគ្រប់គ្នាទន្ទឹងរង់ចាំរវាងខ្ញុំ ក្នុងនាមជាប្រធានាធិបតីនៃសហរដ្ឋអាមេរិក និងប្រធានាធិបតី វ៉្លាឌីមៀ ពូទីន នៃប្រទេសរុស្ស៉ី នឹងប្រព្រឹត្តទៅនាថ្ងៃសុក្រសប្តាហ៍ក្រោយ គឺថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ ក្នុងរដ្ឋ Alaska»

សូមជម្រាបថា ចាប់តាំងពីវិលត្រឡប់មកកាន់អំណាចសាជាថ្មីនៅសេតវិមាន លោក ដូណាល់ ត្រាំ មិនទាន់បានជួបមុខលោក ពូទីន ដោយផ្ទាល់នៅឡើយទេ ខណៈជំនួបតទល់ដែលនឹងកើតមានឡើងនេះ គឺស្របពេលដែលលោក ត្រាំ កំពុងបន្តសង្ឃឹមថានឹងអាច​ជួយសម្របសម្រួលរកទីបញ្ចប់សម្រាប់សង្រ្គាមនៅអ៊ុយក្រែន ដែលបានអូសបន្លាយតាំងខែកុម្ភៈ ឆ្នាំ២០២២ នៅពេលរុស្ស៉ីបើកការឈ្លានពានលើអ៊ុយក្រែន៕ (ប្រភព៖ AFP)



 

Powered by Blogger.