ជំនួយមនុស្សធម៌បន្ទាន់ ត្រូវបានរដ្ឋបាលខេត្តមណ្ឌលគិរី នាំយកទៅផ្តល់ជូនរដ្ឋបាលខេត្តព្រះវិហារ និងចែកជូនបងប្អូនជនភៀ​សសឹកដល់ជំរុំដោ​យផ្ទាល់

អត្ថបទ៖ ជឹម ទូច

ខេត្តមណ្ឌលគិរី ៖ ជំនួយមនុស្សធម៌បន្ទាន់ ត្រូវបានរដ្ឋបាលខេត្តមណ្ឌលគិរី នាំយកទៅផ្តល់ជូនរដ្ឋបាលខេត្តព្រះវិហារ ដើម្បីចែកជូនដ​ល់​ប្រជា​ជន​ដែលភៀសខ្លួនចេញពីតំបន់សង្គ្រាម និងចែកជូនបងប្អូនជនភៀ​សសឹក ដល់ជំរុំភៀសខ្លួ​នដោ​យផ្ទាល់ចំនួនពីរទីតាំង នៅខេត្តព្រះវិហារមានចំនួនរាប់ពាន់នាក់ នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ ។

ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បាននាំយកការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្តេចគិតពីការលំបាករបស់ពុកម៉ែបងប្អូនទាំងអស់ កំពុងគេចចេញពីតំបន់កើតមានការឈ្លានពានពី​សំណាក់ទាហានសៀម។ ឯកឧត្តម អភិបាលខេត្ត បន្តថា ដោយមានកម្លាំងមហាសាមគ្គី ពីបងប្អូនរស់នៅខេត្តមណ្ឌលគិរីទាំងអស់ ព្រួតដៃគ្នា ជួយឧបត្ថម្ភគាំទ្រ ទាំងថវិកា ម្ហូបអាហារ និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ សម្រាប់រដ្ឋបាលខេត្ត ផ្តល់ជូនបន្តទៅជនភៀសសឹកនាពេលនេះ ។ ឯកឧត្តម ថង សាវុន បន្តថា សម្រាប់ពុកម៉ែបងប្អូនដែលកំពុងស្នាក់អាស្រ័យតាមជំរុំភៀសខ្លួន សូមបង្កើនការយកចិត្តទុកដាក់ ថែទាំសុខ​ភាព អនាម័យ និងត្រូវមានសាមគ្គីភាពគ្នា ជួយគ្នាក្នុងគ្រាដ៏លំបាកនេះ ។ ហើយត្រូវចងចាំថា រាល់ការលំបាករបស់បងប្អូន រាជរដ្ឋាភិបាល​កម្ពុ​ជា​ក្រោ​ម​ការដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត និងជាពិសេសអាជ្ញាធរមូលដ្ឋាន មិនប្រងើយកន្តើយទុកឲ្យប្រ​ជាពលរដ្ឋណាម្នា​ក់​ដា​​ច់ស្បៀ​ង​អាហារឡើយ ។

ក្រៅពីនាំយកគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ជាចាំបាច់ប្រចាំថ្ងៃ ផ្តល់ជូនរដ្ឋបាលខេត្តព្រះវិហារ ដើម្បីចែកជូនជនភៀសសឹក​នៅ​សាលាខេត្តព្រះវិហារ ប្រតិភូរដ្ឋបាលខេត្តមណ្ឌលគិរី ដឹកនាំដោយឯកឧត្តម ថង សាវុន បានចុះដោយផ្ទាល់ សាកសួរសុខទុក្ខ និងផ្តល់ជំនួយភ្លាមៗដល់បងប្អូនជនភៀសសឹក ក្នុងជំរុំភៀសខ្លួនពីរទីតាំង ក្នុងស្រុកឆែប ជាង៣០០គ្រួសារ ដែលសុទ្ឋសឹង ចាស់ជរា កុមារតូចៗ ស្ត្រីមានផ្ទៃពោះ ស្ត្រីទើបសម្រាលកូនរួច និងជនមានពិការភាពជាដើម ។ ហើយបើតាមការបញ្ជាក់ពីបងប្អូនជនភៀសសឹក ជាស្ត្រីៗច្រើន​នាក់ បានឲ្យដឹងថា ប្តីនិងកូនប្រុសរបស់ពួកគាត់ កំពុងជាប់ដៃប្រយុទ្ឋតស៊ូ ជាមួយចោរសៀមឈ្លានពានដឹកដីខ្មែរនៅសមរភូមិ ដូច្នេះដើម្បី សុវត្ថិភាព ពួកគាត់ត្រូវរត់ភៀសខ្លួនចេញពីផ្ទះសម្បែង ដោយមិនមានយកទ្រព្យសម្បត្តិអ្វីមកតាមបានឡើយ សូម្បីឆ្នាំងដាំបាយក៏យកមិន​ទាន់ ។ 

បងប្អូនជនភៀសសឹកបានបញ្ជាក់ថា ពេលពួកគាត់បានមកដល់ទីតាំងជំរុំ ដែលអាជ្ញាធរបានរៀបចំក្នុងការរស់នៅប៉ុណ្ណោះអាសន្ន គឺមាន សុវត្ថិភាព និងការយកចិត្តទុកដាក់ ផ្តល់ចំនីអាហារ ថ្នាំសង្កូវ និងជម្រកបានសមរម្យ តែអារម្មណ៏ពួកគាត់នៅតែព្រួយបារម្ភពីគ្រួសារជាប្តី​និងកូន​ដែលកំពុងស្ថិតនៅសមរភូមិជួរមុខគ្មានស្រាក់ស្រាន្តឡើយ ។

សូមបញ្ជាក់ថា ក្រោយកើតមានសកម្មភាពឈ្លានពាន ចោរសៀមបាញ់ផ្លោងចូលទឹកដីខ្មែរតាមព្រំដែន រដ្ឋបាលខេត្តមណ្ឌលគិរី បានគៀរគរ ជំនួយមូលនិធិសប្បុរធម៍ភ្លាមៗពីមហាជនរស់នៅក្នុងខេត្ត និងបាននាំយកទៅ ចែកជូនដល់ជនភៀសសឹកដោយផ្ទាល់ ដើម្បីសម្រាលកា​រលំ​បា​​កនាគ្រានេះ ៕











Powered by Blogger.