អាជ្ញាធរខេត្តក្រចេះ ប្រាប់ពលករខ្មែរដែលវិលត្រលប់ពីប្រទេសថៃកុំបារម្ភរឿងអត់ការងារធ្វើ
អត្ថបទ៖ ជឹម ទូច
ខេត្តក្រចេះ ៖ ពលករខ្មែរចំនួន ៦គ្រួសារ ដែលទើបវិលត្រឡប់មកពីប្រទេសថៃ មកស្រុកកំណើតវិញ ទទួលបានការគិតគូរយកចិត្តទុកដាក់យ៉ាងកក់ក្ដៅពីអាជ្ញាធរខេត្តក្រចេះ នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥នេះ នៅសាលាខេត្តក្រចេះ។
លោក ហេង សុថា អភិបាលរងខេត្ត តំណាងលោក វ៉ា ថន អភិបាលខេត្ត និងក្រុមការងារខេត្ត ស្រុក បានជួបសំណេះសំណាលជាមួយពលករវិលត្រឡប់ពីប្រទេសថៃ ស្របពេលថៃកំពុងឈ្លានពានវាយប្រហារមកលើកម្ពុជា។
លោក អភិបាលរងខេត្ត បានផ្ដាំផ្ញើឱ្យពលករពេលត្រឡប់មកដល់ស្រុកកំណើតហើយ សូមកុំមានការព្រួយបារម្ភ ថា ខ្លាចអត់មានការងារធ្វើ ខ្វះខាត់សម្ភារៈប្រើប្រាស់អី ព្រោះខេត្តក្រចេះសព្វថ្ងៃនេះមានរោងចក្រ សហគ្រាស ក្រុមហ៊ុនវិនិយោគច្រើនកន្លែង កំពុងត្រូវការបុគ្គលិកបម្រើការងារ និងទទួលបានប្រាក់ខែសមរម្យ មិនត្រឹមតែប៉ុណ្ណោះ នៅតាមបណ្តាក្រុមហ៊ុននីមួយៗ ក៏មានប៉ុស្ដិ៍សុខភាព សាលារៀន និងកន្លែងស្នាក់នៅជាដើម។ អាជ្ញាធរខេត្ត ក៏បានឧបត្ថម្ភ ក្នុង១គ្រួសារ ទទួលបាន អង្ករ ១០គីឡូ មី ២កេស ត្រីខ ២យួរ ទឹកត្រី ១យួរ និងទឹកសុីអុីវ ១យួរ ផងដែរ៕





Post a Comment