ព្រឹទ្ធសភាកម្ពុជា ថ្កោលទោសអំពើឈ្លានពានរបស់យោធាថៃមកលើដែនអធិបតេយ្យកម្ពុជា

ភ្នំពេញ៖ នៅយប់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥នេះ ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ដោយសម្ដែងការថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះទង្វើ

ឈ្លានពានដោយចេតនា និងខុសច្បាប់ ដែលបង្កឡើងដោយកងកម្លាំងប្រដាប់អាវុធនៃព្រះរាជាណាចក្រថៃ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥។

ទង្វើប្រកបដោយអរិភាព ដែលបានកើតឡើងនៅជិតប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី តំបន់មុំបី និងតំបន់ផ្សេងទៀតដែលស្ថិតនៅក្នុងព្រំដែនកម្ពុជាដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ គឺជាការរំលោភបំពានដោយផ្ទាល់លើអធិបតេយ្យរបស់កម្ពុជា និងជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ រួមទាំងធម្មនុញ្ញអង្គការសហប្រជាជាតិផងដែរ។

ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា សូមធ្វើការប្រកាសដូចតទៅ៖

១. ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើឈ្លានពានប្រដាប់ដោយអាវុធរបស់កងកម្លាំងយោធាថៃ ដែលបណ្តាលឱ្យមានការប្រយុទ្ធគ្នា និងបង្កផលប៉ះពាល់ទៅដល់សន្តិភាព និងស្ថិរភាពនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ។ ទង្វើនេះគឺជាការរំលោភយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យរបស់កម្ពុជាគំរាមកំហែងដល់សន្តិភាពក្នុងតំបន់ និងរំលោភលើមាត្រា ២(៤) នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ដែលហាមឃាត់ការប្រើប្រាស់ កម្លាំងប្រឆាំងនឹងបូរណភាពទឹកដីនៃរដ្ឋណាមួយ។

២. គូសបញ្ជាក់សាជាថ្មីពីសិទ្ធិការពារខ្លួនរបស់កម្ពុជា ស្របតាមមាត្រា ៥១ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ។ កងយោធពលខេមរភូមិន្ទធ្វើសកម្មភាព ប្រកបដោយវិជ្ជាជីវៈ និងអត់ធ្មត់បំផុតនៅក្នុងការអនុវត្តសិទ្ធិនេះ សំដៅការពារទឹកដីដ៏ពិសិដ្ឋ និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋកម្ពុជា។

៣. សូមធ្វើការអះអាងថា តំបន់ជុំវិញប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងតំបន់មុំបី គឺស្ថិតនៅក្នុងទឹកដីកម្ពុជា ដូចដែលមានគូសបញ្ជាក់នៅក្នុងសន្ធិសញ្ញា ផែនទីដែលទទួលស្គាល់ជាអន្តរជាតិ និងការកំណត់តាមផ្លូវច្បាប់អន្តរជាតិពាក់ព័ន្ធ។ វត្តមានយោធាកម្ពុជានៅក្នុងតំបន់ទាំងអស់នេះ គឺស្របតាមច្បាប់ និងស្ថិតក្នុងសិទ្ធិអធិបតេយ្យពេញលេញរបស់កម្ពុជា។

៤. ក្នុងកាលៈទេសៈដ៏សំខាន់នេះ សូមប្រកាសជាឱឡារិកគាំទ្រយ៉ាងពេញទំហឹងចំពោះភាពជាអ្នកដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយចក្ខុវិស័យ របស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា ស្ថាបនិក សន្តិភាពរបស់មាតុភូមិកម្ពុជា និងភាពជាអ្នកដឹកនាំប្រកបដោយភាពស្វាហាប់និងម៉ឺងម៉ាត់របស់ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅចំពោះមុខអំពើឈ្លានពានដ៏គឃ្លីននេះ។ អនុសាសន៍ដឹកនាំរបស់ សម្តេច ទាំងទ្វេ ពិតជាមានភាពចាំបាច់បំផុតនិងមិនអាចខ្វះបាន នៅក្នុងបុព្វហេតុការ ការពារអធិបតេយ្យជាតិ ថែរក្សាសន្តិភាព ព្រមទាំងការពារជំហរដ៏ត្រឹមត្រូវរបស់កម្ពុជានៅក្នុងសហគមន៍ អន្តរជាតិ។

៥. សូមសម្តែងនូវការគោរពនិងគាំទ្រយ៉ាងពេញទំហឹងចំពោះភាពអង់អាចក្លាហាន និងបទវិន័យរបស់កងយោធពលខេមរភូមិន្ទ ដែលបានបំពេញ​កាតព្វកិច្ចស្របតាមច្បាប់រដ្ឋធម្មនុញ្ញប្រកប ដោយភាពមោះមុតនិងកិត្តិយសបំផុត នៅចំពោះមុខការឈ្លានពានពីបរទេស។

៦. អំពាវនាវដល់សហគមន៍អន្តរជាតិ រួមទាំងអង្គការសហប្រជាជាតិ អាស៊ាន និងប្រទេសដែលស្រលាញ់សន្តិភាព សូមចាត់វិធានការជាបន្ទាន់និងដាច់ខាត ដើម្បីឆ្លើយតបទៅនឹងការរំលោភបំពានដ៏ធ្ងន់ធ្ងរនេះ។









 

Powered by Blogger.