សហគមន៍អូរឫស្សីកណ្តាលទទួលបានជីកសិកម្ម និងកូនពូជស្វាយ៤០០០ដើមពីមន្ទីរកសិកម្មដើម្បីធ្វើការដាំដុះ
អត្ថបទ៖ ម៉ាវិន
ខេត្តស្ទឹងត្រែង៖ អភិបាលខេត្តស្ទឹងត្រែង ឯកឧត្តម សរ សុពុត្រា បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋឲ្យខិតខំបង្កបង្កើនផល ចំណែកកូនចៅដែលមានកម្លាំងពេញវ័យត្រូវរកការងារធ្វើនៅតាមក្រុមហ៊ុនសហគ្រាសក្នុងខេត្ត ដែលអាចទទួលបានប្រាក់ចំណូលដើម្បីលើកកម្ពស់ជីវភាពគ្រួសារ ។
ក្នុងពិធីចែកពូជកូនស្វាយចន្ទីនិងជីកសិកម្មដល់សហគមន៍កសិកម្មអូរឬស្សីកណ្តាល នៅស្រុកសៀមបូកខេត្តស្ទឹងត្រែង កាលពីរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តបានមានប្រសាសន៍ថា៖ស្របពេលប្រទេសជាតិយើងមានការអភិវឌ្ឍដល់មូលដ្ឋាន សូមបងប្អូនកុំរស់តាមយថាកម្ម ត្រូវមានការតស៊ូដើម្បីគ្រួសារនិងខ្លួនឯង ។
លោក ទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តបានបញ្ជាក់ថា៖ដើម្បីរួមចំណែកជំរុញដល់វិស័យការងារ មន្ទីរកសិកម្មក៏បានបង្កើតឲ្យមានសហគមន៍ស្វាយចន្ទី ក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីធ្វើឲ្យប្រទេសកម្ពុជាមានទិន្នផលស្វាយចន្ទីសម្រាប់នាំចេញទៅក្រៅប្រទេស ។
លោកប្រធានមន្ទីរបន្តថា៖មន្ត្រីជំនាញបានយកកូនស្វាយចន្ទីពូជ M23 ចំនួន៤.០០០ដើម និងជីចំនួន២.០០០ គីឡូក្រាម មកចែកជូនដល់សហគមន៍ កសិកម្មអូរឫស្សីកណ្តាល សម្រាប់ធ្វើការដាំដុះបន្តពូជបន្ថែមពីលើដំណាំដែលពួកគាត់់មានស្រាប់ ៕
Post a Comment