អភិបាលខេត្តមណ្ឌលគិរី លើកទឹកចិត្តពលរដ្ឋឲ្យចេះចិញ្ចឹមត្រីនៅក្នុងមូលដ្ឋាន និងហាមឃាត់ការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់
អត្ថបទ៖ ជឹម ទូច
ខេត្តមណ្ឌលគិរី ៖ នៅក្នុងពិធីអបអរសាទរ ទិវាមច្ឆជាតិ ១កក្កដា នៅបរិវេណអាងទំនប់អូរប្រង់ ក្នុងភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញែក នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បានជម្រុញដល់ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានដែលមានប្រភពធនធានធម្មជាតិស្រាប់ ត្រូវចូលរួមថែរក្សាការពារ ប្រើប្រាស់ឬទាញប្រយោជន៍ពីសក្តានុពលទាំងនោះ ដោយស្មារតីទទួលខុសត្រូវ និងបន្តអភិវឌ្ឍសមិទ្ធផលរួមរបស់សហគមន៍ ដើម្បីនិរន្តភាពយូរអង្វែង ជាពិសេស ប្រភេទជលផលកម្រៗ ដែលអាចជួយស្តារជីវភាពប្រចាំថ្ងៃ ហាមប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់។
ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បានមានប្រសាសន៍ថា វិស័យជលផលកម្ពុជា ក៏ជាចំណែកមួយ នៃផលទុនជាតិមួយផងដែរ ហើយក៏ជាបណ្តាញមួយ នៃសុវត្ថិភាពសង្គមដែលមនុស្សប្រមាណ ៦លាននាក់ មានមុខរបរពាក់ពន្ធ័នឹងវិស័យជលផលរួមមាន៖ ជាអ្នកនេសាទមិនពេញម៉ោង អ្នកនេសាទពេញម៉ោង ជាអ្នកនេសាទម្តងម្កាល អ្នកកែច្នៃផលនេសាទ អ្នកធ្វើទូកកាណូត អ្នកផលិតឧបករណ៍នេសាទ អ្នកលក់ដូរផលនេសាទ ឬអ្នកលក់ដូររបស់របរបម្រើការងារនេសាទ។ ហេតុនេះហើយទើបគេអាចចាត់ទុកប្រទេសកម្ពុជាយើងជាសង្គមបរិភោគត្រី ដែលជាមធ្យមសម្រាប់ ប្រជាពលរដ្ឋម្នាក់ៗ បរិភោគត្រីប្រមាណ ៥២,៤គីឡូក្រោម ក្នុងមួយឆ្នាំ ដោយត្រីបានផ្តល់ជាប្រភពប្រូតេអ៊ីនប្រមាណ ៨១,៥ ភាគរយ នៃប្រូតេអ៊ីនសាច់ ដែលប្រជាពលរដ្ឋខ្មែរទូទៅទទួលទាន។
ឯកឧត្តម ថង សាវុន បន្តថា សម្រាប់ខេត្តមណ្ឌលគិរី ត្រូវយកចិត្តទុកដាក់ពង្រឹងការគ្រប់គ្រង និងការអភិវឌ្ឍន៍វិស័យជលផលឱ្យមានចីរភាព ហើយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានខណ្ឌរដ្ឋបាលជលផល ជាសេនាធិការ និងអាជ្ញាធរមូលដ្ឋាន ត្រូវចាត់វិធានការឱ្យបានតឹងរឹងបំផុតបន្ថែមទៀត ចំពោះអ្នកដែលនៅតែបន្តប្រព្រឹត្តការប្រើប្រាស់ប្រភេទឧបករណ៍នេសាទខុសច្បាប់។ ត្រូវបំផុស និងចលនាប្រជាពលរដ្ឋឱ្យយល់ដឹងពីសារៈសំខាន់នៃកន្លែងអភិរក្សពូជត្រីនៅក្នុងសហគមន៍នីមួយៗ ជាពិសេសជំរុញឱ្យមានការចូលរួមការការពារត្រីនៅរដូវប្រាំងដើម្បីរក្សាត្រីមេពូជឱ្យបានច្រើនសម្រាប់ពងកូនបន្តពូជ ។ ត្រូវអប់រំ និងផ្តល់សេវាបច្ចេកទេសដល់វារីវប្បករ និងកសិករ ផលិត កូនត្រីយើងបន្ថែមទៀតនៅតាមមូលដ្ឋានធ្វើយ៉ាងណាឱ្យសកម្មភាពនេះមានភាពកាន់តែប្រសើរ។ ជាមួយគ្នានេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមថែរក្សាការពារបរិស្ថាន សម្អាតអនាម័យក្នុងភូមិឋានរបស់ខ្លួន ដើម្បីបង្កើនសោភ័ណភាពសាធារណៈ និងសុខភាពក្នុងក្រុមគ្រួសារ ។
លោក សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានឲ្យដឹងថា ផ្ទៃអាងទំនប់អូរប្រង់នេះមានទំហំ ១៦១ហិកតា មានវិសាលភាពស្តុកទឹក២,៧៩លានម៉ែត្រគូប ផ្តល់អត្ថប្រយោជន៍សម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ទឹកស្រោចស្រពដំណាំ និងសត្វទាំងរដូវប្រាំង និងរដូវវស្សា ហើយពិធីលែងកូនត្រីនេះ សរុបចំនួន ២៧.០០០កូន ក្នុងនោះ មានកូនត្រីពូជឆ្ពិន ប្រា និងកាហែ ចូលក្នុងដែនទឹកទំនប់អូរប្រង់នេះ ដើម្បីបង្កើនផលត្រី សម្រាប់ផ្គត់ផ្គង់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន៕
Post a Comment