អភិបាលខេត្ត ជំរុញដល់អាជ្ញាធរក្រុងសែនមនោរម្យ ត្រូវបង្កើនការយកចិត្តទុកដាក់ថែរក្សាការពារកូនឈើដែលបានដាំលម្អតាមដងផ្លូវ

អត្ថបទ៖ ជឹម ទូច

ខេត្តមណ្ឌលគិរី ៖ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរីបានជំរុញដល់អាជ្ញាធរក្រុងសែនមនោរម្យ ជាពិសេសតាមបណ្តាសង្កាត់នានា ត្រូវបង្កើនការយកចិត្តទុកដាក់ ថែរក្សាការពាររាល់កូនឈើដែលបានដាំលម្អតាមដងផ្លូវ និងកូនឈើដែលបានដាំជួសឡើងវិញក្នុងពិធីរុក្ខទិវា នៅបរិវេណភ្នំដោះក្រមុំ ព្រោះការដាំកូនឈើបានជោគជ័យ គឺបានចូលរួមចំណែកកាត់បន្ថយការបំប្រែបប្រួលបរិយាកាសភពផែនដី ។

ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី មានប្រសាសន៍ថា ចលនាដាំដើមឈើលម្អមានផ្កាចម្រុះពណ៍ ក្នុងក្រុងដែលកំពុងមានសក្តានុពលស្រាប់ដែលអាកាសធាតុត្រជាក់ មិនត្រឹមជួយលើកកម្ពស់វិស័យធនធានធម្មជាតិឡើងវិញនោះទេ ថែមទាំងបានជួយទាក់ទាញវិស័យទេសចរបានមួយកម្រិត ។

ទន្ទឹមនេះឯកឧត្តម ថង សាវុន បានចាត់ជាព្រៃឈើជាមាសបៃតងអាចស្រូបទាញកំណើនសេដ្ឋកិច្ចក្នុងតំបន់ពីវិស័យទេសចរណ៍ ព្រៃឈើមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ជីវិតមនុស្ស សត្វ លើសកលលោក ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋាន ដែលសម្បូរទៅដោយសម្បត្តិធនធានធម្មជាតិ អាចស្វែងរកចំណូល ដែលអាស្រ័យបានពីផលអនុផលព្រៃឈើ និងទទួលបានចំនូលដ៏មហាសាលពីវិស័យទេសចរណ៍។

ឯកឧត្តមបានបន្តថា « រុក្ខទិវា » គឺជាចលនាបំផុសបំផុលការដាំដុះដើមឈើដ៏ធំមួយ និងជាប្រពៃណីដ៏ល្អផូរផង់ឧត្តុង្គឧត្តមនៃព្រះរាជាណាចក្រកម្ពុជាយើង ដែលចលនានេះចាប់មានតាំងពី « សម័យសង្គមរាស្រ្តនិយម » ក្រោមព្រះរាជបូជនីយកិច្ចផ្ដួចផ្ដើម និងដឹកនាំដោយព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ព្រះវររាជបិតាកសិកម្មជាតិ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ។

ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បានបញ្ជាក់ថា ការដាំដើមឈើពិតជាមានសារៈប្រយោជន៍ ដូច្នេះប្រជាពលរដ្ឋ សូមចូលរួមដាំដុះកូនឈើ រក្សាការពារ និងស្រឡាញ់ព្រៃឈើស្រឡាញ់ជីវចម្រុះ សត្វព្រៃដើម្បីប្រែក្លាយ តំបន់រស់នៅ ឱ្យមានគម្របពណ៌បៃតងស្រស់បំព្រង និងអភិរក្សធនធានព្រៃឈើ សម្រាប់ជា មូលដ្ឋានគ្រឹះនៃការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ព្រោះការបាត់បង់ព្រៃឈើ និងគម្របព្រៃឈើ បណ្តាលឱ្យតំបន់យើងទទួលរងការគំរាមកំហែង ពីធម្មជាតិដូចនេះ យើងត្រូវនាំគ្នាបញ្ឈប់ការកាប់បំផ្លាញព្រៃឈើ។

អភិបាលខេត្តបានផ្តាំផ្ញើដល់ប្រជាពលរដ្ឋនិងភ្ញៀវទេសចរទាំងអស់ ដែលបានធ្វើដំណើរកម្សាន្តដល់ទីតាំងទេសភាពនានាក្នុងខេត្តហាមចោលសំរាមពាសវាលពាសកាលត្រូវចូលរួមថែរក្សាអនាម័យ បរិស្ថានតំបន់រមណីយដ្ឋានឲ្យមានភាពស្រស់បំព្រង។ 

លោក សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី បានឲ្យដឹងថា ឆ្នាំ២០២៥នេះកូនឈើចម្រុះជាង ៣ ០០០ដើម ត្រូវបានរៀបចំដាំដុះលើផ្ទៃដីទំហំ ៤ហិកតា នៅបរិវេណមជ្ឈមណ្ឌលជនជាតិដើមភាគតិចភ្នំដោះក្រមុំ និងចែកជូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យរុក្ខទិវា ០៩ កក្កដា ដែលប្រព្រឹត្តទៅនៅបរិវេណមជ្ឈមណ្ឌលជនជាតិដើមភាគតិចភ្នំដោះក្រមុំ ស្ថិតក្នុងភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ៕












Powered by Blogger.