ត្រាំ ប្រាប់ ហ្សេលេនស្គី កុំវាយប្រហារលើទីក្រុងមូស្គូ
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃអង្គារ ទី១៥ ខែកក្កដាថាប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី មិនត្រូវ វាយប្រហារលើទីក្រុងមូស្គូនោះទេ ហើយថាប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន គួរតែយល់ព្រមទទួលយកបទឈប់បាញ់ក្នុងរយៈពេលឱសានវាទ៥០ថ្ងៃ បើពុំដូច្នោះទេ រុស្ស៉ីនឹងត្រូវជាប់ទណ្ឌកម្ម។
ការអត្ថាធិប្បាយបែបនេះរបស់លោក
ត្រាំ កើតមានឡើងបន្ទាប់ពីសារព័ត៌មាន Financial Times បានរាយការណ៍ដោយផ្អែកលើប្រភពដែលខ្លួនទទួលបានកាលពីថ្ងៃអង្គារថា លោក ត្រាំ
បានជំរុញជាលក្ខខណៈឯកជនឱ្យអ៊ុយក្រែនវាយប្រហារចូលកាន់តែជ្រៅក្នុងទឹកដីរុស្ស៉ី។ តាម Financial
Times លោក ត្រាំ បានសាកសួរលោក ហ្សេលេនស្គី
ថាតើមេដឹកនាំអ៊ុយក្រែនរូបនេះអាចវាយប្រហារលើទីក្រុងមូស្គូដែរឬទេ
ប្រសិនបើសហរដ្ឋអាមេរិកផ្ដល់អាវុធរយៈចម្ងាយឆ្ងាយ។ ក៏ប៉ុន្តែ
នៅចំពោះមុខក្រុមអ្នកសារព័ត៌មាន នៅឯសេតវិមាន និងជាការឆ្លើយតបទៅនឹងសំណួរដែលថាតើលោក
ហ្សេលេនស្គី គួរតែវាយប្រហារលើរដ្ឋធានីរបស់រុស្ស៉ីដែរឬទេ? លោក
ត្រាំ បានឆ្លើយថា «ទេ គាត់ (លោក ហ្សេលេនស្គី)
មិនត្រូវវាយប្រហារលើទីក្រុងមូស្គូនោះទេ»។
សូមជម្រាបថា លោក
ដូណាល់ ត្រាំ កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ
បានប្រកាសពីការប្រកាន់ជំហរតឹងរ៉ឹងប្រឆាំងនឹងរុស្ស៉ី
ជុំវិញសង្រ្គាមឈ្លានពានអ៊ុយក្រែនជាង៣ឆ្នាំមកនេះ
ជាមួយការសន្យាបញ្ជូនអាវុធទៅឱ្យអ៊ុយក្រែន និងដាក់ឱសានវាទ៥០ថ្ងៃ
ឱ្យទីក្រុងមូស្គូទទួលយកបទឈប់បាញ់ បើពុំដូច្នោះទេ នឹងត្រូវជាប់ពន្ធគយ១០០ភាគរយ ខណៈ
លោកក៏បានព្រមានយកពន្ធគយ១០០ភាគរយលើប្រទេសជាដៃគូពាណិជ្ជកម្មរបស់រុស្ស៉ីផងដែរ៕(ប្រភព៖ Reuters)
Post a Comment