សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យសមាជិកក្រុមប្រឹក្សាពិគ្រោះយោបល់ប្រធានាធិបតីឥណ្ឌូនេស៊ី ជួបសម្តែងការគួរសម
ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ទី១៦ ខែកក្កដា ឆ្នាំ២០២៥នេះ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា អនុញ្ញាតឱ្យលោកសាស្រ្តាចារ្យបណ្ឌិត Dato' Sri Tahir សមាជិកក្រុមប្រឹក្សាពិគ្រោះយោបល់ប្រធានាធិបតីឥណ្ឌូនេស៊ី និងជាស្ថាបនិកក្រុមហ៊ុន Mayapada Group ចូលជួបសម្ដែងការគួរសម នៅវិមានព្រឹទ្ធសភា។
ជាកិច្ចចាប់ផ្តើម
សម្ដេចតេជោ បានសម្តែងនូវក្តីរីករាយដែលបានជួបឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត
ជាថ្មីម្តងទៀត បន្ទាប់ពីឯកឧត្តមបានសន្យាថានឹងមកកម្ពុជា
នៅក្នុងជំនួបនៅទីក្រុងហ្សាការតា កាលពីខែឧសភាកន្លងទៅ។ ឆ្លៀតក្នុងឱកាសនេះ
សម្តេចបានលើកឡើងថាសម្តេចបានសម្រេចក្រាបបង្គំទូលស្នើសុំ
ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈ តែងតាំងឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត ជាទីប្រឹក្សារបស់សម្តេច
ក្នុងនាមជាប្រធានព្រឹទ្ធសភា និងសម្តែងនូវក្តីរំពឹងទុកថា
ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត នឹងរួមចំណែកក្នុងការកសាងអភិវឌ្ឍកម្ពុជា
ក៏ដូចជាការពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងឥណ្ឌូណេស៊ីផងដែរ។
នាឱកាសជំនួបនេះ
ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត បានគោរពថ្លែងអំណរគុណ ដឹងគុណ និងជាកិត្តិយស
ដែលសម្តេចតេជោ បានផ្តល់ការអនុញ្ញាតឱ្យចូលជួបសម្ដែងការគួរសម។ ទន្ទឹមគ្នានេះ
ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត សម្តែងនូវក្តីរីករាយ
ដែលទទួលបានការតែងតាំងជាទីប្រឹក្សារបស់សម្តេចតេជោ។ ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត បានបន្តលើកឡើងថា សម្តេចតេជោ
គឺជាថ្នាក់ដឹកនាំដ៏ល្បីល្បាញអស្ចារ្យមួយរូប និងបានស្តារកសាងកម្ពុជា រក្សាសន្តិភាព
ស្ថិរភាពនយោបាយ និងធ្វើឱ្យកម្ពុជាមានកំណើនសេដ្ឋកិច្ចលេចធ្លោជាង២០ឆ្នាំមកនេះ។
ជាមួយគ្នានេះ
ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត បានជម្រាបជូនសម្តេចអំពីគោលបំណង
និងសកម្មភាពការងារនានារបស់ឯកឧត្តម រួមចំណែកធ្វើឱ្យជីវភាពប្រជាពលរដ្ឋ មានលក្ខណៈល្អប្រសើរឡើង ដូចឯកឧត្តមបានធ្វើ នៅឥណ្ឌូណេស៊ី
និងបណ្តាប្រទេសមួយចំនួន។ ឯកឧត្តមបានគូសបញ្ជាក់ថា កិច្ចការមនុស្សធម៌
គឺជាកិច្ចការគ្មានព្រំដែនកំណត់។ នៅក្នុងបរិបទនេះ ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត
បានបង្ហាញអំពីបំណងប្រាថ្នារួមចំណែក និងវិភាគទាននៅកម្ពុជា និងបានគោរពស្នើសុំសម្តេចផ្តល់អនុសាសន៍
និងមគ្គុទេសក៍ដឹកនាំ។
ជាការឆ្លើយតប
សម្តេចតេជោ បានសម្តែងនូវក្តីរីករាយដែលឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត
ទទួលយកការតែងតាំងជាទីប្រឹក្សារបស់សម្តេច និងទន្ទឹមគ្នានេះ
បានចង្អុលបង្ហាញអំពីវិស័យដែលឯកឧត្តមអាចពិចារណារួមចំណែកនៅកម្ពុជា
ដូចជាការអភិវឌ្ឍជនបទ និងជាពិសេសការគាំទ្រទៅលើកិច្ចការអតីតយុទ្ធជនកម្ពុជា
រួមមានការសាងសង់ផ្ទះ និងអណ្តូងទឹកជាដើម ហើយដែលកិច្ចការទាំងនេះគឺមានលក្ខណៈ
និងសកម្មភាពស្របទៅនឹងទិសដៅដែលឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត បាននិងកំពុងរួមចំណែក។
ផ្សាភ្ជាប់គ្នានេះ
សម្តេចតេជោបានលើកឡើងអំពីប្រវត្តិនិងការតស៊ូដ៏ជូរចត់របស់សម្តេច ក្នុងនាមជាទាហាន
ដែលបានជំរុញសម្តេច ផ្តោតការយកចិត្តទុកដាក់ខ្ពស់ទៅលើកិច្ចការអតីតយុទ្ធជននេះ។
សម្តេចតេជោបានគូសបញ្ជាក់ថា ជាគុណធម៌ មិនមែនប្រើយុទ្ធជនពេលត្រូវការ
ហើយបោះបង់ចោលនោះទេ។ នៅក្នុងន័យនេះ សម្តេចបានស្នើឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត
ពិនិត្យលទ្ធភាពរៀបចំអភិវឌ្ឍភូមិអតីតយុទ្ធជនមួយ ដើម្បីរួមចំណែកនៅក្នុងបុព្វហេតុនេះ។
ក្រៅពីនេះ
សម្តេចក៏បានចែករំលែកទស្សនៈវិស័យរបស់សម្តេច
បន្ទាប់ពីការអនុវត្តដោយជោគជ័យនៃនយោបាយឈ្នះ ឈ្នះ ដែលនោះគឺ (១)
ការប្រែក្លាយតំបន់អតីតសមរភូមិ ទៅជាតំបន់អភិវឌ្ឍន៍ និង (២)
ការប្រែក្លាយតំបន់ព្រំដែនជាមួយប្រទេសជិតខាង ទៅជាតំបន់ព្រំដែនសន្តិភាព មិត្តភាព
សហប្រតិបត្តិការ និងការអភិវឌ្ឍ។ ប៉ុន្តែ
សម្តេចបានសម្តែងនូវការសោកស្តាយចំពោះបញ្ហាដែលកើតឡើងជាមួយប្រទេសជិតខាង
ដែលវាពុំគួរកើតឡើង ដោយសារការធ្វើសកម្មភាពឯកតោភាគីរបស់ប្រទេសនោះ
តាំងពីការប្រើប្រាស់ផែនទី និងការបិទច្រកព្រំដែន។ សម្តេចបានសង្កត់ធ្ងន់ថា
ភាគីទាំងពីរគួរធ្វើកិច្ចសហប្រតិបត្តិការផ្លាស់ប្តូរពាណិជ្ជកម្ម និងកីឡា ជាដើម
ប្រសើរជាងការផ្លាស់ប្តូរគ្រាប់កាំភ្លើងគ្នា ហើយការប្រកាន់យកគោលជំហររបស់កម្ពុជា
ដូចជាការប្តឹងទៅ ICJ
គឺជាជម្រើសសន្តិវិធី។
នៅចុងបញ្ចប់ ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត បានបង្ហាញពីការប្តេជ្ញាចិត្តរួមចំណែកបន្ថែមទៀតរបស់ឯកឧត្តម ទៅលើកិច្ចការយុទ្ធជននេះ និងសង្ឃឹមថា នឹងត្រឡប់មកកម្ពុជានៅពេលខាងមុខ។ សម្តេចតេជោ ក៏បានជូនពរឯកឧត្តម Dato Sri Prof. Dr. Tahir ទទួលបានជោគជ័យនៅក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា៕
Post a Comment