វៀតណាម នឹងហាមឃាត់ម៉ូតូប្រើសាំង នៅរដ្ឋធានីហាណូយ ដោយសារបារម្ភពីការបំពុលខ្យល់
ហាណូយ៖ ជាផ្នែកមួយនៃកិច្ចប្រឹងប្រែងថ្នាក់ជាតិ ដើម្បីទប់ស្កាត់ការបំពុលខ្យល់អាកាស អាជ្ញាធរវៀតណាម នឹងហាមឃាត់ម៉ូតូប្រើសាំង នៅតំបន់កណ្ដាលរដ្ឋធានីហាណូយ ដោយចាប់ផ្ដើមពីខែកក្កដា ឆ្នាំ២០២៦។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋវៀតណាមបានរាយការណ៍ថា
បទបញ្ជាដាក់ចេញដោយនាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញជិញ
នឹងត្រូវអនុវត្តក្នុងតំបន់កណ្ដាល
និងនៅតាមបណ្ដោយផ្លូវសំខាន់ៗព័ទ្ធជុំវិញរដ្ឋធានីហាណូយ។
អាជ្ញាធរមានភារកិច្ចបញ្ឈប់ការប្រើប្រាស់ម៉ូតូប្រើសាំងជាដំណាក់កាលឱ្យបានមុនកាលបរិច្ឆេទខាងលើ។
នៅវៀតណាម
ម៉ូតូគឺជាមធ្យោបាយធ្វើដំណើរ
និងដឹកជញ្ជូនដ៏ពេញនិយមសម្រាប់ប្រជាជនភាគច្រើនក្នុងចំណោមប្រជាជនជាង
៨លាននាក់រស់នៅក្នុងទីក្រុងហាណូយ។ ហាណូយ មានម៉ូតូជិត ៧លានគ្រឿង
និងរថយន្ដ១លានគ្រឿង។ ប៉ុន្តែដោយសារតែប្រាក់ចំណូលកើនឡើង
ហើយមនុស្សកាន់តែច្រើននាំគ្នាប្រើប្រាស់យានជំនិះផ្ទាល់ខ្លួន។ ការបំពុលខ្យល់អាកាស
បានក្លាយជាបញ្ហាមួយគួរឱ្យព្រួយបារម្ភរឹតតែខ្លាំងឡើង ដែលធ្វើឱ្យរដ្ឋធានីហាណូយ
ជាប់ឈ្មោះក្នុងបញ្ជីទីក្រុង ដែលមានការបំពុលខ្យល់អាកាសខ្លាំងបំផុត។
វៀតណាម
ក៏មានបំណងប្ដូរពីការប្រើប្រាស់យានជំនិះឥន្ធនៈហ្វូស៊ីល
ទៅជាយានជំនិះប្រើអគ្គិសនីផងដែរ ដើម្បីកាត់បន្ថយការបំពុលខ្យល់អាកាស
និងដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ៕ (ប្រភព៖ ABC News)
Post a Comment