ស្ពានអាកាស សម្តេចធិបតី ហ៊ុន ម៉ាណែត" នឹងត្រូវដាក់ឱ្យប្រើប្រាស់បណ្ដោះអាសន្ន ចាប់ពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ តទៅ

ភ្នំពេញ៖ ចាប់ពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ស្អែកនេះ អាជ្ញាធរនឹងបើកឲ្យប្រជាពលរដ្ឋប្រើប្រាស់បណ្ដោះអាសន្ន ស្ពានអាកាសភ្ជាប់ពីផ្លូវ៦០ម៉ែត្រ កាត់លើផ្លូវជាតិលេខ២ ដើម្បីឆ្ពោះទៅកាន់អាកាសយានដ្ឋានអន្ដរជាតិតេជោ។

ក្នុងសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ស្ពានអាកាស សម្ដេចធិបតី ហ៊ុន ម៉ាណែត ត្រង់ចំណុចប្រសព្វរវាងមហាវិថី សម្តេចតេជោ ហ៊ុន សែន និងផ្លូវជាតិលេខ២ ស្ថិតនៅព្រំប្រទល់រាជធានីភ្នំពេញ និងខេត្តកណ្តាល ត្រូវបានស្ថាបនាជាស្ពានភ្លោះទ្វេទិស និងត្រូវបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ក្រោមអធិបតីភាពសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយមានក្រុមហ៊ុន OCIC ជាអ្នកទទួលការសាងសង់។

បច្ចុប្បន្ន ការសាងសង់ស្ពានអាកាស សម្ដេចធិបតី ហ៊ុន ម៉ាណែត សម្រេចបានលទ្ធផលដូចតទៅ៖ ស្ពានអាកាសទី១ សម្រេចបានការសាងសង់ ១០០% ហើយស្ពានអាកាសទី២ គ្រោងនឹងបញ្ចប់ការសាងសង់ នាដើមខែសីហា ឆ្នាំ២០២៥។

ចំពោះមុខដើម្បីជួយសម្រួលដល់លំហូចរាចរ និងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ទាំងក្នុងពេលបច្ចុប្បន្ន និងក្នុងអំឡុងពិធីបុណ្យភ្ជុំបិណ្ឌខាងមុខ សំដៅដោះស្រាយការកកស្ទះចរាចរឲ្យបានជាអតិបរមានោះ សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រី បានផ្ដល់គោលការណ៍សម្រេចឲ្យរដ្ឋបាលរាជធានីភ្នំពេញ ដាក់ឲ្យប្រើប្រាស់ជាបណ្ដោះអាសន្ននូវស្ពានអាកាស សម្ដេចធិបតី ហ៊ុន ម៉ាណែត ដូចខាងក្រោម៖

- ស្ពានអាកាសទី១ មានទិសដៅចរាចរតាមបណ្ដោយមហាវិថី សម្តេចតេជោ ហ៊ុន សែន ឆ្លងកាត់ផ្លូវជាតិលេខ២ ឆ្ពោះទៅអាកាសយានដ្ឋានអន្តរជាតិតេជោ ចាប់ពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥តទៅ។

- ស្ពានអាកាសទី២ មានទិសដៅចរាចរពីអាកាសយានដ្ឋានអន្តរជាតិតេជោ ឆ្លងកាត់ផ្លូវជាតិលេខ២ ឆ្ពោះមកមហាវិថីសម្តេចតេជោ ហ៊ុន សែន ចូលមករាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥តទៅ៕





 

Powered by Blogger.