ក្រសួងទេសចរណ៍ ជំរុញរៀបចំប្លង់គោលអភិវឌ្ឍន៍ទេសចរណ៍ប្រាសាទនគរបាជ័យ និងតំបន់កោះប៉ែន ខេត្តកំពង់ចាម

ខេត្តកំពង់ចាម៖ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ តបតាមសំណូមពររបស់រដ្ឋបាលខេត្តកំពង់ចាម ក្រុមការងារជំនាញនៃនាយកដ្ឋានការអភិវឌ្ឍន៍ទេសចរណ៍ និងនាយកដ្ឋានអភិវឌ្ឍន៍ផលិតផលទេសចរណ៍ ក្រសួងទេសចរណ៍ សហការជាមួយមន្ទីរទេសចរណ៍ខេត្ត មន្ទីរវប្បធម៍ និងអាជ្ញាធរមូលដ្ឋាន បានចុះសិក្សាស្រាវជ្រាវ និងរៀបចំប្លង់គោលអភិវឌ្ឍន៍ប្រាសាទនគរបាជ័យ ខេត្តកំពង់ចាម ដើម្បីរៀបចំប្លង់គោលអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព គាំពារការអភិរក្សធនធានវប្បធម៌ រៀបចំសណ្តាប់ធ្នាប់គោលដៅទេសចរណ៍ ខ្សែទស្សនា និងការផ្សារភ្ជាប់គោលដៅទេសចរណ៍ជាមួយជីវភាពប្រជាជនមូលដ្ឋាន។

ក្រៅពីការរៀបចំខាងលើ ក្រុមការងារជំនាញក៏បានចុះសិក្សារៀបចំវិធានគន្លឹះអភិវឌ្ឍន៍គោលដៅទេសចរណ៍តំបន់កោះប៉ែន ឃុំកោះមិត្ត ខេត្តកំពង់ចាម ក្នុងចក្ខុវិស័យប្រែក្លាយតំបន់កោះប៉ែន ឱ្យក្លាយជាគោលដៅទេសចរណ៍បៃតង (Green Destination) ស្តង់ដាអន្តរជាតិ តាមរយៈការរៀបចំគ្រប់គ្រងគោលដៅទេសចរណ៍ (Destination Management) ការគិតគូរពីបរិស្ថាន និងគ្រប់គ្រងធនធានធម្មជាតិ (Environmental  and Climate) ការលើកកម្ពស់ជីវភាពប្រជានជនតាមរយៈសហគមន៍ទេសចរណ៍និងសុខុមាលភាពសង្គម (Increase Livelihood and Social Well-being) លើកកម្ពស់វប្បធម៌ សិល្បៈ  (Culture and Tradition) អភិវឌ្ឍមូលធនមនុស្ស (Human Capital) និងការជំរុញទីផ្សារទេសចរណ៍ (Market and Marketing) ផងដែរ៕








Powered by Blogger.