គ្រឿងញៀនជាង១តោន ត្រូវបានដុតបំផ្លាញចោល ក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោយសមត្ថកិច្ចជំនាញខេត្តស្ទឹងត្រែងបង្រ្កាបបាន

អត្ថបទ៖ ម៉ាវិន

ខេត្តស្ទឹងត្រែង៖ វត្ថុតាងបទល្មើសគ្រឿងញៀន ទម្ងន់ជាង១តោន ត្រូវបានអាជ្ញាធរខេត្តស្ទឹងត្រែង រួមនិងលេខាធិការដ្ឋានប្រយុទ្ធប្រឆាំងគ្រឿងញៀនខេត្តដុតបំផ្លាញចោល នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥នេះ នៅទីលានអតិតអាកាសយានដ្ឋានខេត្តស្ទឹងត្រែង ។

ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តបានមានប្រសាសន៍ថា៖គ្រឿងញៀនបានចំផ្លាញជីវិត នឹងធ្វើឲ្យយើង ខាតបង់គ្រប់យ៉ាង ដូចនេះយើងត្រូវតែរួមគ្នាលុបបំបាត់ឲ្យអស់ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ។

លោក ធូ ចាន់ពៅ អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តបានបញ្ជាក់ថា៖គ្រឿងញៀនជាង១០១២គីឡូក្រាម ដែលនាំយកមកដុតបំផ្លាញចោលក្នុងថ្ងៃនេះ គឺបានមកពីកិច្ចសហប្របត្តិការបង្ក្រាបរបស់អាជ្ញាធរមានសមត្ថកិច្ច និងបានរឹបអូសយកមកដុតបំផ្លាញចោលនៅចំពោះមុខថ្នាក់ដឹកនាំ មន្ត្រីរាជការ ព្រះសង្ឃ និងពុកម៉ែ បងប្អូនប្រជាពលរដ្ឋទាំងអស់ សំដៅបង្ហាញពីការលុបបំបាត់គ្រឿងញៀន ។

សូមបញ្ជាក់ថា៖ការដុតបំផ្លាញគ្រឿងញៀននៅពេលនេះ បានបង្ហាញទៅដល់យុវជនគ្រប់ស្រទាប់វណ្ណៈឲ្យបានយល់កាន់តែច្បាស់ ហើយកុំជឿ កុំជក់ កុំជួញនូវសារធាតុញៀនទាំងនេះ ត្រូវរួមចំណែកក្នុងការផ្សព្វផ្សាយបន្តដល់សង្គម ធ្វើយ៉ាងណាឲ្យខ្លួនយើង គ្រួសារយើង និងសហគមន៍ កាត់ផ្តាច់ឬសគល់នៃបញ្ហាគ្រឿងញៀន ៕












Powered by Blogger.