ចិនព្រមានលោក ត្រាំ ជុំវិញពន្ធបដិការ គំរាមសងសឹកបើផលប្រយោជន៍របស់ខ្លួនរងការខូចខាត
ប្រភព៖ Reuters
ប៉េកាំង៖ ចិន នៅថ្ងៃទី៨ ខែកក្កដា បានព្រមានរដ្ឋបាលលោក ដូណាល់ ត្រាំ ប្រឆាំងនឹងការបង្កើនភាពតានតឹងពាណិជ្ជកម្មតាមរយៈការចាប់ផ្ដើមឡើងវិញនូវការអនុវត្ត ពន្ធគយបដិការលើមុខទំនិញរបស់ខ្លួននៅខែសីហាខាងមុខ ហើយគំរាមចាត់វិធានការសងសឹកប្រឆាំងនឹងប្រទេសទាំងឡាយណាដែលចុះកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិក ដើម្បីកាត់ផ្ដាច់ចិនចេញពីខ្សែច្រវាក់ផ្គត់ផ្គង់។
ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង
បានឯកភាពគ្នាលើកិច្ចព្រមព្រៀងគោលមួយកាលពីខែមិថុនាថានឹងស្ដារឡើងវិញនូវបទឈប់បាញ់ដ៏ផុយស្រួយនៅក្នុងសង្រ្គាមពាណិជ្ជកម្ម
ប៉ុន្តែមិនមានព័ត៌មានលម្អិតនោះទេដែលធ្វើឱ្យក្រុមអ្នកវិនិយោគកំពុងរង់ចាំមើលថាភាពធូរសា្រលនៃសង្រ្គាមពាណិជ្ជកម្មរវាងមហាយក្សសេដ្ឋកិច្ចទាំង២
គ្រាន់តែបណ្ដោះអាសន្ន ឬក៏យូរអង្វែង។
កាលពីថ្ងៃចន្ទ ប្រធានាធិបតីអាមេរិក លោក ដូណាល់
ត្រាំ បានផ្ញើលិខិតជូនដំណឹងពីអត្រាពន្ធគយបដិការទៅកាន់ប្រទេសចំនួន១៤
ជាមួយការពន្យារពេលការចូលជាធរមាន រហូតដល់ថ្ងៃទី១ ខែសីហា។
ចិនវិញមានពេលរហូតដល់ថ្ងៃទី១២ ខែសីហា ដើម្បីស្វែងរកកិច្ចព្រមព្រៀងជាមួយអាមេរិក
ដើម្បីបញ្ចៀសការដំឡើងពន្ធពីលោក ត្រាំ
និងការវិលត្រឡប់ទៅរកការដំឡើងពន្ធសងសឹកគ្នាទៅវិញទៅមកដូចកាលពីខែមេសា
និងខែឧសភាកន្លងទៅ។
គួរបញ្ជាក់ថា កាលពីសប្ដាហ៍មុន
សហរដ្ឋអាមេរិកបានប្រកាសពីការឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយវៀតណាម
ដោយក្នុងនោះរដ្ឋបាលលោក ត្រាំ បានយល់ព្រម បញ្ចុះពន្ធបដិការលើវៀតណាមពី៤៦ មកនៅត្រឹម
២០ភាគរយ។ តែទំនិញណាដែលត្រូវបានរកឃើញថាជាទំនិញរបស់ប្រទេសដទៃ
ជាពិសេសគឺចិនត្រូវបាននាំចេញ ឬឆ្លងកាត់តាមវៀតណាមទៅកាន់អាមេរិក នឹងត្រូវជាប់ពន្ធ៤០ភាគរយ។
កាសែតរដ្ឋចិន People's Daily បាននិយាយថាចិនប្រឆាំងដាច់ខាតទៅនឹងរាល់ភាគីណាដែលចុះកិច្ចព្រមព្រៀងមួយដែលធ្វើឱ្យខាតដល់ផលប្រយោជន៍របស់ចិនជាថ្នូរទៅនឹង
ការទទួលបានសម្បទាន។
ដូច្នេះចិននឹងចាត់វិធានការសងសឹកយ៉ាងម៉ឺងម៉ាត់ដើម្បីការពារផលប្រយោជន៍ស្របច្បាប់របស់ខ្លួន៕
Post a Comment