ប្រមុខការទូតអាមេរិក នឹងធ្វើទស្សនកិច្ចមកកាន់អាស៊ីជាលើកដំបូង ក្រោមស្រមោលពន្ធបដិការរបស់ ត្រាំ
ប្រភព៖ Reuters
វ៉ាស៊ីនតោន៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio នឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសម៉ាឡេស៉ី នៅក្នុងសប្ដាហ៍នេះដើម្បីចូលរួមក្នុងកិច្ចប្រជុំជាមួយ ប្រជាជាតិអាស៊ាន នៅក្នុងដំណើរទស្សនកិច្ចជាលើកដំបូងរបស់លោកមកកាន់តំបន់អាស៊ី ក្នុងនាមជាប្រមុខការទូតអាមេរិក នៅក្រោមស្រមោលនៃពន្ធគយបដិការរបស់ លោកប្រធានាធិបតី ដូណាល់ ត្រាំ លើបណ្ដាប្រទេសជាដៃគូ និងសម្ព័ន្ធមិត្ត។
តាមក្រសួងការបរទេសអាមេរិក លោក Marco
Rubio នឹងផ្ដើមធ្វើទស្សនកិច្ចមកកាន់តំបន់អាស៊ី ចាប់ពីថ្ងៃទី៨
ដល់ថ្ងៃទី១២ ខែកក្កដា ក្នុងគោលដៅបញ្ជាក់ឡើងវិញពី
ការប្ដេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។
ដំណើរទស្សនកិច្ចនេះកើតមានឡើងចំពេលលោក ត្រាំ បានប្រកាសពីការយកពន្ធគយបដិការ
២៥ភាគរយចាប់ពីថ្ងៃទី១ ខែសីហាតទៅលើជប៉ុន
និងកូរ៉េខាងត្បូងដែលសុទ្ធសឹងជាសម្ព័ន្ធមិត្តដ៏សំខាន់របស់សហរដ្ឋអាមេរិកនៅក្នុងតំបន់
ដើម្បីទប់ស្កាត់ការកើនឡើង ឥទ្ធិពលចិន។
លោក ត្រាំ ក៏បានប្រកាសផងដែរពីការយកពន្ធបដិការលើម៉ាឡេស៊ី
និងប្រទេស៥ផ្សេងជាសមាជិកអាស៊ាន មុនពេលលោក Rubio នឹងត្រូវចូលរួមក្នុងកិច្ចប្រជុំជាមួយ
បណ្ដារដ្ឋមន្ត្រីការបរទេសអាស៊ាន ក្នុងទីក្រុងគូឡាឡាំពួ។ ម៉ាឡេស៊ីត្រូវប្រឈមនឹងពន្ធ
២៥ភាគរយ ឡាវ និងមីយ៉ាន់ម៉ា ៤០ភាគរយ រីឯកម្ពុជា និងថៃ ប្រឈមនឹងពន្ធ ៣៦ភាគរយ
ហើយឥណ្ឌូណេស៊ី ៣២ភាគរយ។
លោក Rubio ត្រូវបានគេរំពឹងថានឹងបញ្ជាក់ឡើងវិញពីការប្ដេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះប្រទេសជាដៃគូ
និងសម្ព័ន្ធមិត្តក្នុងតំបន់។ ប៉ុន្តែពន្ធបដិការ របស់លោក ត្រាំ
ទំនងជានឹងធ្វើឱ្យកិច្ចការរបស់លោក Rubio ជួបការលំបាក៕
Post a Comment