លោកជំទាវ ប៉ែន សុមេធា ដឹកនាំគណៈប្រតិភូ គណៈកម្មការយេនឌ័រក្រសួងយុត្តិធម៌ ដើម្បីស្វែងយល់ពីចំណាត់ការរឿងក្តីពាក់ព័ន្ធនឹងស្ត្រី

ខេត្តកំពង់ចាម៖ នៅថ្ងៃព្រហស្បតិ៍ ៧ រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ លោក ជំទាវ ប៉ែន សុមេធា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការយេនឌ័រប្រចាំក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំគណៈប្រតិភូនៃគណៈកម្មការយេនឌ័រប្រចាំក្រសួងយុត្តិធម៌ ដើម្បីស្វែងយល់ពីចំណាត់កានៃររឿងក្តីដែលពាក់ព័ន្ធនឹងស្ត្រី នៅសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ចាម។

 នៅក្នុងដំណើរបំពេញបេសកកម្មនាពេលនេះ ប្រតិភូគណៈកម្មការយេនឌ័រប្រចាំក្រសួងយុត្តិធម៌ ដែលដឹកនាំដោយ លោកជំទាវ ប៉ែន សុមេធា ក៏បានជួបប្រជុំពិភាក្សាជាមួយ ឯកឧត្តម សួស ឡា ប្រធានសាលាដំបូងខេត្តកំពង់ចាម និងលោក ខៃសម្ជស្ស ព្រះរាជអាជ្ញារង និងជាតំណាងឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម  ព្រមជាមួយ លោក លោកស្រី ចៅក្រម ព្រះរាជអាជ្ញារង ក្រឡាបញ្ជី និងមន្ត្រី នៃសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ចាម។

 សូមគូសបញ្ជាក់ផងដែរថា ការចុះបំពេញបេសកកម្មរបស់គណៈកម្មការយេនឌ័រប្រចាំក្រសួងយុត្តិធម៌ នាពេលនេះ គឺដើម្បីអនុវត្តតាមអនុសាសន៍គន្លឹះ ១២ ចំណុច របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងដើម្បីមានមូលដ្ឋានក្នុងការរៀបចំរបាយការណ៍ឆ្លើយតបទៅ គណៈកម្មាធិការទទួលបន្ទុកការលុបបំបាត់ការរើសអើងប្រឆាំងនឹងនារីភេទ (CEDAW) នៃអង្គការសហប្រជាជាតិ៕ (អត្ថបទ៖ ក្រសួងយុត្តិធម៌)








Powered by Blogger.