ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ អញ្ជើញដឹកនាំកិច្ចប្រជុំលើកទី២ របស់ គ.ស.ហ.

ភ្នំពេញ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ៧រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធាន គ.ស.ហ. បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី២ របស់ គ.ស.ហ. ដើម្បីពិនិត្យលើវឌ្ឍនភាពការងារប្រឆាំងការសម្អាតប្រាក់ ហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ របស់កម្ពុជា។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ជាអនុប្រធាន និងជាសមាជិកនៃ គ.ស.ហ. ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី ជាប្រធានដឹកនាំតាមម៉ូឌុលនីមួយៗនៃអនុគណៈកម្មការវាយតម្លៃថ្នាក់ជាតិស្ដីពីការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ។ 

នៅក្នុងកិច្ចប្រជុំនេះ, អង្គប្រជុំបានពិនិត្យ និងពិភាក្សាលើរបៀបវារៈសំខាន់ៗមួយចំនួន ជាពិសេស លើវឌ្ឍនភាពនៃការវាយតម្លៃហានិភ័យថ្នាក់ជាតិ ស្តីពីការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ (National Risk Assessment - NRA) លើកទី២ និងការរៀបចំរបាយការណ៍ NRA លើកទី២ នេះ  ដែលជាឯកសារគោលដ៏សំខាន់សម្រាប់កម្ពុជា ហើយនឹងក្លាយមូលដ្ឋានសម្រាប់វាយតម្លៃពីហានិភ័យរបស់កម្ពុជាពាក់ព័ន្ធនឹងការប្រឆាំងការសម្អាតប្រាក់, ហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ។ ទន្ទឹមនេះ, របាយការណ៍នេះក៏នឹងក្លាយទៅជាមូលដ្ឋានសម្រាប់ការរៀបចំយុទ្ធសាស្ត្រជាតិស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម (National Strategy - NS) ដើម្បីដាក់ចេញនូវផែនការសកម្មភាពនានា សំដៅឆ្លើយតបទៅនឹងកម្រិតហានិភ័យដែលបានកំណត់នៅក្នុងរបាយការណ៍ NRA លើកទី២ នេះផងដែរ។ បន្ថែមពីនេះ, អង្គប្រជុំក៏បានពិនិត្យ និងពិភាក្សាអំពីការដាក់ចេញនូវទិសដៅការងារបន្ត ដើម្បីជាការត្រៀមលក្ខណៈរបស់កម្ពុជាសម្រាប់ការវាយតម្លៃអញ្ញមញ្ញ លើកទី៣ ឆ្នាំ២០២៨-២០២៩ ផងដែរ។

ឆ្លៀតក្នុងឱកាសនេះ, អង្គប្រជុំក៏បានពិនិត្យ ពិភាក្សា និងវាយតម្លៃលើនិន្ននាការ និងការវិវត្តថ្មីៗមួយចំនួនដែលគួរឱ្យកត់សម្គាល់ ពិសេស ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) និងទ្រព្យសកម្មនិម្មិត (Virtual Assets) ដែលអាចជះឥទ្ធិពលដល់ការងារប្រឆាំងការសម្អាតប្រាក់ ហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យរបស់កម្ពុជា។ 

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងជាប្រធាន គ.ស.ហ. បានសម្តែងនូវអំណរគុណចំពោះ ឯកឧត្តម លោកជំទាវ និងលោក លោកស្រី ដែលបានចូលរួមនៅក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ក៏ដូចជា ការកោតសរសើរចំពោះការចូលរួម និងកិច្ចខិតខំប្រឹងប្រែងរបស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី នៅតាមក្រសួង ស្ថាប័ន នានា ដែលបានចូលរួមយ៉ាងសកម្មក្នុងការវាយតម្លៃហានិភ័យនៃការសម្អាតប្រាក់នៅតាមវិស័យរៀងៗខ្លួន ដែលធ្វើឱ្យរបាយការណ៍ NRA លើកទី២ នេះសម្រេចបាននូវវឌ្ឍនភាពគួរឱ្យកត់សម្គាល់។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រធាន គ.ស.ហ. ក៏បានស្នើឱ្យក្រសួង ស្ថាប័ន និងក្រុមការងារពាក់ព័ន្ធទាំងអស់ បន្តខិតខំប្រឹងប្រែងក្នុងការងារប្រឆាំងការសម្អាតប្រាក់ ហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ៕ (អត្ថបទ៖ ក្រសួងយុត្តិធម៌)








Powered by Blogger.