ព័ត៌មានជាង៩០ករណី ត្រូវបានរកឃើញជាព័ត៌មានក្លែងក្លាយដែលផ្សាយពីជម្លោះព្រំដែនកម្ពុជា-ថៃ

ភ្នំពេញ ៖ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងព័ត៌មាន បានឱ្យដឹងថា ចាប់តាំងពីថ្ងៃប៉ះទង្កិច រវាងកងទ័ពកម្ពុជា និង កងទ័ពថៃ ដែលបានកើតឡើងក្នុងមូលដ្ឋានស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ក្រសួងព័ត៌មាន បានតាមដានយ៉ាងជាប់លាប់រាល់ការផ្សព្វផ្សាយដោយ សារព័ត៌មានជាតិអន្តរជាតិ ការផ្សាយ និងចែកចាយព័ត៌មាន ផ្សេងៗលើបណ្តាញសង្គមទាំងក្នុង និងក្រៅស្រុក ក្នុងនោះរកឃើញជាង៩០ករណីជាព័ត៌មានក្លែងក្លាយ។

បើតាមលោក ទេព អស្នារិទ្ធ នាថ្ងៃ១១ មិថុនា ក្នុងចំណោមព័ត៌មានក្លែងក្លាយជាង៩០ករណីនេះ មានប្រមាណ៥០ករណី ជាការផ្សាយបែបញុះញង់ បំពុលសង្គម។

លោកថា “ក្នុងចំណោមព័ត៌មានក្លែងក្លាយចំនួន ជាង៩០ករណី ភាគច្រើនប្រភពពីបណ្តាញសង្គម ដែលក្រសួងព័ត៌មានបានកត់ត្រា ចាប់ពីដើមខែមិថុនា រហូតមកទល់ពេលនេះ មានប្រមាណ ៥០ករណី ជាការផ្សាយបែបញុះញង់ បំពុលសង្គម រាប់បញ្ចូលទាំងខ្លឹមសារបែបលេងសើច បំភ្លៃ ប្រមាថ ប៉ះពាល់ដល់ស្មារតី និងទឹកចិត្តរបស់កងកំលាំងសមត្ថកិច្ចដែលកំពុងអនុវត្តការងារតាមបណ្តោយព្រំដែន”។

លោកបន្តថា សម្រាប់ជាវិធានការគ្រប់គ្រងស្ថានភាពទាំងនេះសម្រាប់ការផ្សាយមាតិកាព័ត៌មានក្លែងក្លាយលើបណ្តាញសង្គម ដែលភាគច្រើនមានប្រភពនៅក្រៅប្រទេស ក្រសួងបានសហការជាមួយក្រសួងពាក់ព័ន្ធ ដើម្បីសហការជាមួយក្រុមហ៊ុន Meta ឬ TikTok ជាដើម ដើម្បីឱ្យក្រុមហ៊ុន block ឬលុបមាតិកា ដែលមាតិកាទាំងនោះក៏បំពាននឹងនិយាមប្រតិបត្តិនៃការប្រើប្រាស់បណ្តាញសង្គម Community Standard ផងដែរ៕



Powered by Blogger.