សម្តេចបវរធិបតី និងលោកជំទាវបណ្ឌិត ដឹកនាំគណៈប្រតិភូអញ្ជើញដល់ប្រទេសកម្ពុជាប្រកបដោយសុវត្ថិភាព ក្រោយបញ្ចប់ការងារនៅបារាំង

ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រសហ្បតិ៍ ២រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវ​នឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញមកដល់ប្រទេសកម្ពុជាវិញ​ហើយក្រោយបញ្ចប់ការងារនៅប្រទេសបារាំង។

តបតាមការអញ្ជើញរបស់លោក Emmanuel Macron ប្រធានាធិបតីបារាំង និងលោក António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ (អ.ស.ប.) កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥កន្លងទៅនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញ​ចូលរួមសន្និសីទ អ.ស.ប. ស្ដីពីមហាសមុទ្រលើកទី៣ (UNOC3) នៅទីក្រុង​នីស ប្រទេសបារាំង នៅថ្ងៃទី៩-១១ ខែមិថុនា ឆ្នាំ២០២៥ ក្រោមប្រធានបទ «ការពន្លឿនសកម្មភាព និងការកៀរគរគ្រប់តួអង្គដើម្បីរក្សា និងប្រើប្រាស់មហា​សមុទ្រ​​ប្រកបដោយ​ចីរ​ភាព»។

ក្នុងអំឡុងកិច្ចពិភាក្សាទូទៅ សម្តេចមហាបវរធិបតី បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងរបស់កម្ពុជា ចំពោះការកើនឡើងការគំរាមកំហែងដល់មហាសមុទ្រ​ពិភពលោក រួមមានការកើនឡើងកម្រិតទឹកសមុទ្រ ការហូរច្រោះតាមឆ្នេរសមុទ្រ​ដោយឥតឈប់ឈរ និងការរីករាលដាលនៃការបំពុលប្លាស្ទីក ការថយចុះយ៉ាងឆាប់រហ័ស​នៃជីវចម្រុះសមុទ្រ និងការទាញយកប្រយោជន៍ហួស​ហេតុពីធនធានសមុទ្រ ព្រមទាំងបានអំពាវនាវឱ្យមានសកម្មភាពឆាប់រហ័ស និងបន្ទាន់រួមជាមួយកិច្ចសហប្រតិបត្តិការឥតងាករ៉េក្នុងការដោះ ស្រាយបញ្ហាប្រឈមទាំងនេះ៕








Powered by Blogger.