Macron ជំរុញឲ្យហាមក្មេងក្រោម១៥ឆ្នាំប្រើបណ្ដាញសង្គម ក្រោយករណីចាក់សម្លាប់នៅសាលារៀន

 ប្រភព៖ Reuters

ប៉ារីស៖ ប្រធានាធិបតីបារាំង លោក Emmanuel Macron បានប្រកាសថា លោកនឹងជំរុញឲ្យមានបទប្បញ្ញត្តិរបស់សហភាពអឺរ៉ុប ដើម្បីហាមឃាត់កុមារអាយុក្រោម១៥ឆ្នាំពីការប្រើប្រាស់បណ្ដាញសង្គម បន្ទាប់ពីមានករណីចាក់សម្លាប់យ៉ាងសាហាវមួយនៅឯសាលារៀនមួយកន្លែងនៅភាគខាងកើតប្រទេសបារាំង។

ការអំពាវនាវនេះ ធ្វើឡើងប៉ុន្មានម៉ោងបន្ទាប់ពីហេតុការណ៍ចាក់សម្លាប់ដ៏សាហាវនៅសាលាមធ្យមសិក្សាមួយកាលពីថ្ងៃអង្គារ។

នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ France 2 កាលពីល្ងាចថ្ងៃអង្គារ លោក Macron បានចាត់ទុកបណ្ដាញសង្គមថា ជាកត្តាមួយដែលត្រូវស្ដីបន្ទោសចំពោះអំពើហិង្សាក្នុងចំណោមយុវជន។ លោកបានថ្លែងថា «ប្រសិនបើវាមិនដំណើរការ (ក្នុងកម្រិត EU) ទេ យើងនឹងចាប់ផ្តើមធ្វើវានៅប្រទេសបារាំង។ យើងមិនអាចរង់ចាំបានទេ»។ ក្រោយមក លោកបានសរសេរលើ X ថា បទប្បញ្ញត្តិនេះត្រូវបានគាំទ្រដោយអ្នកជំនាញ ហើយថា «បណ្តាញសង្គមមានសមត្ថភាពក្នុងការផ្ទៀងផ្ទាត់អាយុ។ ត្រូវតែធ្វើវា»

ការអត្ថាធិប្បាយរបស់លោក Macron កើតឡើងចំពេលមានរលកនៃវិធានការស្រដៀងគ្នានៅក្នុងប្រទេសជាច្រើនជុំវិញពិភពលោក ដែលមានបំណងទប់ស្កាត់ការប្រើប្រាស់បណ្ដាញសង្គមក្នុងចំណោមកុមារ។ ជាឧទាហរណ៍ ប្រទេសអូស្ត្រាលីកាលពីឆ្នាំមុន បានអនុម័តការហាមប្រាមលើក្មេងអាយុក្រោម ១៦ឆ្នាំពីការប្រើប្រាស់បណ្ដាញសង្គម ដែលជាបទប្បញ្ញត្តិដ៏តឹងរ៉ឹងបំផុតមួយ។

សូមជម្រាបថា ការជជែកដេញដោលអំពីផលប៉ះពាល់នៃបណ្ដាញសង្គមទៅលើសុខភាពផ្លូវចិត្ត និងអាកប្បកិរិយារបស់យុវជន កំពុងក្លាយជាប្រធានបទដ៏ក្តៅគគុកមួយសម្រាប់អ្នកបង្កើតគោលនយោបាយនៅអឺរ៉ុប៕



 

Powered by Blogger.