ពិធីករ និងពិធីការិនីម្នាក់ៗ ជាអ្នកផ្សព្វផ្សាយ និងជាអ្នកទេសចរក្នុងយុទ្ធនាការទស្សនាកម្ពុជាក្នុងកាលបៃតង

ភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំស្តីពីការជំរុញយុទ្ធនាការទស្សនាកម្ពុជានារដូវកាលបៃតង (Visiting Cambodia in Green Season) ជាមួយពិធីករ ពិធីការិនី ក្នុងគោលបំណងជំរុញកិច្ចសហការលើវិស័យទេសចរណ៍រវាងក្រសួងទេសចរណ៍ និងពិធីករ ពិធីការិនីទូរទស្សន៍ វិទ្យុ ចំនួន១២៣នាក់ និងដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ជុំ កុសល់ រដ្ឋលេខាធិការក្រសួងព័ត៌មាន ព្រមទាំងឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងទេសចរណ៍ជាច្រើននាក់ផងដែរ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខំប្រឹងប្រែង និងទេពកោសល្យរបស់ពិធីករ ពិធីការិនី ដែលបានផ្សារភ្ជាប់នឹងបេសកកម្មការងារជាមួយសង្គមជាតិ តាមរយៈការជូនសារអប់រំល្អៗ និងការជួយផ្សព្វផ្សាយអំពីផលវិជ្ជមាននៃតំបន់ទេសចរណ៍នៅកម្ពុជានាពេលកន្លងមក បញ្រ្ជាបដល់ទស្សនិកជនរបស់ខ្លួន និងស្នើបន្តជួយផ្សព្វផ្សាយបន្ថែមទៀតចំពោះយុទ្ធនាការទស្សនាកម្ពុជានារដូវកាលបៃតងរបស់ក្រសួងទេសចរណ៍ ដើម្បីទាក់ទាញអ្នកទេសចរក្នុងស្រុកឱ្យធ្វើដំណើរកម្សាន្តកាន់តែច្រើនកើនឡើងជាលំដាប់។ ការចូលរួមពីសំណាក់ប្អូនៗ ពិធីករ ពិធីការីនី និងវិស័យឯកជន បងប្អូនក្រុមអ្នកផលិតមាតិកាទេសចរណ៍កម្ពុជា ក្រសួងទេសចរណ៍នឹងទទួលបាននូវធាតុចូលល្អៗ កាន់តែច្រើនបន្ថែមទៀត ដើម្បីដាក់បញ្ចូលក្នុងយុទ្ធសាស្ត្រទាក់ទាញទេសចរជាតិ និងអន្តរជាតិនៅក្នុងរដូវកាលបៃតង (Green Season) ឱ្យមានកំណើនបន្ថែមលើសពីការរំពឹងទុក។
ទន្ទឹមនេះដែរ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានស្តាប់មតិចូលរួមពីពិធីករ និងពិធីការិនី លើបញ្ហាប្រឈម និងសំណូមពរនានា ដើម្បីរួមសហការជំរុញយុទ្ធនាការទស្សនាកម្ពុជានារដូវកាលបៃតង ស្របតាមទិសស្លោក “ទាំងអស់គ្នា ដើម្បីទេសចរណ៍, ទេសចរណ៍ ដើម្បីទាំងអស់គ្នា”, “ទេសចរណ៍រីកលូតលាស់ក្នុងសន្តិភាព” និង “បុគ្គលម្នាក់ ជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជា ម្នាក់”៕




Powered by Blogger.