Netanyahu ថាប្រតិបត្តិការយោធាប្រឆាំងអ៊ីរ៉ង់ នឹងបន្តធ្វើឡើងច្រើនថ្ងៃ

 ប្រភព៖ AFP

ហ្ស៊េរុយសាឡិម៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានទទួលស្គាល់ថាអ៊ីស្រាអែលបានបើកការវាយប្រហារតាមផ្លូវអាកាសលើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ហើយថា ប្រតិបត្តិការយោធាប្រឆាំងអ៊ីរ៉ង់នឹងបន្តធ្វើឡើងជាច្រើនថ្ងៃ។

អ៊ីស្រាអែល នៅថ្ងៃសុក្រនេះ បានបើកការវាយប្រហារតាមផ្លូវអាកាសលើអ៊ីរ៉ង់ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានថាអ៊ីស្រាអែលអាចវាយប្រហារ លើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ក្នុងពេលឆាប់ៗ។ ក្រោយការវាយប្រហារនេះ អ៊ីស្រាអែលបានដាក់ប្រទេសក្នុងគ្រាអាសន្ន ត្រៀមទប់ទល់នឹងការសងសឹកពីអ៊ីរ៉ង់។

នៅក្នុងសុន្ទរកថាមួយតាមកញ្ចក់ទូរទស្សន៍ លោក Netanyahu បានគូសបញ្ជាក់ដូច្នេះថា «កាលពីប៉ុន្មាននាទីមុន អ៊ីស្រាអែលបានបើកប្រតិបត្តិការ Rising Lion ជាប្រតិបត្តិការយោធាមួយដែល មានគោលដៅលុបបំបាត់ការគំរាមកំហែងដល់អាយុជីវិតរបស់អ៊ីស្រាអែល។ ប្រតិបត្តិការនេះអាចបន្តធ្វើឡើងជាច្រើនថ្ងៃ ឬរហូតទាល់តែអាចលុបបំបាត់ការគំរាមកំហែងនេះ»

លោកបន្ថែមថា អ៊ីស្រាអែលនៅថ្ងៃសុក្រ ទី១៣ ខែមិថុនានេះ បានវាយប្រហារលើកម្មវិធីទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ នោះគឺរោងចក្រចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមដ៏សំខាន់របស់អ៊ីរ៉ង់នៅក្នុងទីក្រុង Natanz ក៏ដូចជាកំណត់គោលដៅវាយប្រហារលើអ្នកវិទ្យាសាស្ត្រអ៊ីរ៉ងដែលកំពុងផលិតគ្រាប់បែកនុយក្លេអ៊ែរ ព្រមទាំងកម្មវិធីមីស៊ីលបាលិស្ទីគរបស់អ៊ីរ៉ង់៕



Powered by Blogger.