អភិបាលខេត្តកែប៖ ព័ត៌មានក្លែងក្លាយជាបញ្ហាប្រឈមមួយសម្រាប់អ្នកប្រើបណ្តាញសង្គម ហើយយុវជនជាក្រុមងាយទទួលរងឥទ្ធិពលជាងគេ
អត្ថបទ៖ ទ្រី ហៀន
ខេត្តកែប៖ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប មានប្រសាសន៍ថា ព័ត៌មានក្លែងក្លាយ បានក្លាយជាបញ្ហាប្រឈមមួយនៅ លើបណ្តាញសង្គម ដោយជនខិលខូចធ្វើសកម្មភាព ញុះញង់ លាបពណ៌ លើរាជរដ្ឋាភិបាល ឬមានចេតនាទាញយកផលប្រយោជន៍នយោបាយ សកម្មភាពទុច្ចរិត និងអាជីវកម្មជាដើម ស្របពេលដែលប្រព័ន្ធផ្សព្វផ្សាយទំនើប (ឌីជីថល) កាន់តែរីកចម្រើនទៀត យុជនគឺជាក្រុមមនុស្សដែលងាយនឹងទទួលឥទ្ធិពលពីព័ត៌មានក្លែងក្លាយទាំងនោះបំផុត។ ក្នុងនោះព័ត៌មានក្លែងក្លាយមាន៣ប្រភេទ មានព័ត៌មានក្លែងបន្លំ ព័ត៌មានបំភ្លៃ ព័ត៌មានភាន់ច្រឡំ។
ឯកឧត្តម
មានប្រសាសន៍ លើកឡើងបែបនេះ ក្នុងពិធីផ្សព្វផ្សាយយុទ្ធនាការ និយាយថាទេ
ចំពោះព័ត៌មានក្លែងក្លាយ! Say
No To Fake News! នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥
ដោយបានការអញ្ជើញចូលរួមដោយឯកឧត្តម អ៊ុក ថា ប្រធានក្រុមប្រឹក្សាខេត្តកែប ឯកឧត្តម
តំណាងសាលាដំបូងខេត្ត តំណាងអយ្យការអមសាលាដំបូងខេត្ត លោក លោកស្រី
អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត លោកឧត្តមសេនីយ៍ វរសេនីយ៍ត្រី
តំណាងកងកម្លាំងទាំងបី ប្រធាន ប្រធានស្ដីទី មន្ទីរអង្គភាពជុំវិញខេត្តកែប
រដ្ឋបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ មេភូមិ ក្រុមយុវជន សិស្សនិស្សិត
និងអ្នកសារព័ត៌មានសរុបប្រមាណជិត៤០០នាក់ នៅសាលប្រជុំសេះសសាលាខេត្តកែប។
ឯកឧត្តមអភិបាល
ខេត្តបានបញ្ជាក់ថា ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ
ដោយប្រើប្រាស់ប្រព័ន្ធឌីជីថលទាំងនេះបានរំខានដល់សណ្តាប់ធ្នាប់នយោបាយ
និងសង្គមនៅជុំវិញពិភពលោក និងប៉ះពាល់ដល់ទំនាក់ទំនងសង្គម។ ក្នុងនោះបញ្ញាសិប្បនិមិត្ត
(AI) ត្រូវបានគេយកទៅប្រើប្រាស់បង្កើតនូវព័ត៌មាន ដែលមានចរិកបំភាន់
និងបំពុលសង្គមហើយងាយបោកប្រាស់ប្រជាពលរដ្ឋ។
បើតាមកំណត់ត្រារបស់ក្រសួងព័ត៌មាន
ឆ្នាំ២០២៤ មានការបង្កើតព័ត៌មានក្លែងក្លាយចំនួន ៣៦៥១ មានការកើនឡើងរហូត១៤% បើធៀបឆ្នាំ២០២៣ មានចំនួន៣២០៨។
ក្នុងនោះឯកឧត្តម
គាំទ្រនូវយុទ្ធនាដែលដាក់ចេញដោយក្រសួងព័ត៌មាន
ក្នុងការប្រយុទ្ធប្រឆាំងជាមួយព័ត៌មានក្លែងក្លាយ
ឯកឧត្តមបានបន្តណែនាំដល់មន្ទីរព័ត៌មានខេត្តកែប ឲ្យបន្តធ្វើយុទ្ធនាការនេះ
អោយបានសស្រាក់សស្រាំរហូតដល់ប្រជាពលរដ្ឋមូលដ្ឋាន
ដើម្បីបញ្ជ្រាបពីបញ្ហាព័ត៌មានក្លែងក្លាយនេះដល់ប្រជាពលរដ្ឋទូទៅ។
លោក រស់
ឧត្តុង្គ ប្រធានមន្ទីរព័ត៌មានខេត្តកែប បានឱ្យដឹងថា
ក្រសួងព័ត៌មានបានដាក់ចេញឲ្យអនុវត្តន៍នូវ យុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ
នៅទូទាំងប្រទេសរយ:ពេល១២ខែ គឺចាប់ផ្តើមពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ ដល់ថ្ងៃទី៣១
ខែមីនា ឆ្នាំ២០២៦។
ដោយឡែកសម្រាប់មន្ទីរព័ត៌មានខេត្តកែប
កំពុងអនុវត្តន៍នូវយុទ្ធនាការនេះ តាមរយៈការចុះសម្ភាសន៍ប្រជាពលរដ្ឋ មន្រ្តីរាជការ
ចុះចងបដាពាក្យស្លោកតាមមូលដ្ឋាន
ហើយមន្ទីរនឹងបន្តធ្វើយុទ្ធនាការនេះជាបន្តបន្ទាប់នៅតាមមូលដ្ឋានរស់នៅរបស់ប្រជាពលរដ្ឋនៅទូទាំងខេត្តកែប៕
Post a Comment