លោក ងិន ណែល៖ រាជរដ្ឋាភិបាលកម្ពុជាកំពុងបន្តថែរក្សា ការពារអភិរក្សធនធានធម្មជាតិបានគង់វង្សរីកចម្រើនរហូតទទួលបានការកោតសរសើរពីសហគមន៍អន្តរជាតិ
អត្ថបទ៖ ជឹម ទូច
ខេត្តរតនគិរី ៖ លោក ងិន ណែល អភិបាលរងស្តីទី ខេត្តរតនគិរី បានថ្លែងទៅកាន់អ្នកចូលរួមដោយបញ្ជាក់ថា រដ្ធាភិបាលកម្ពុជាបាន និងកំពុងបន្តថែរក្សា ការពារអភិរក្សធនធានធម្មជាតិបានគង់វង្សរីកចម្រើន រហូតទទួលបានការកោតសរសើរពីសហគមន៍អន្តរជាតិ។ ការថ្លែងយ៉ាងដូច្នេះ ក្នុងឪកាសដែលលោកអញ្ជើញចូលរួមជាអធិបតីក្នុងពិធីទិវាបរិស្ថានពិភពលោក ៥មិថុនា ឆ្នាំ២០២៥ ក្រោមប្រធានបទ «ប្រយុទ្ធប្រឆាំងការបំពុលប្លាស្ទិក» ដែលធ្វើឡើងនៅក្នុងបរិវេណព្រលានយន្តហោះចាស់ ស្ថិតនៅសង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ព្រឹកថ្ងៃទី១២ខែមិថុនា ឆ្នាំ២០២៥។
លោក ងិន ណែល បន្តថា រាជរដ្ឋាភិបាលទទួលបានឥណទានកាបោនពីគម្រោងរេដបូកដ៏ល្បីល្បាញរបស់ប្រទេសកម្ពុជា ដែលបានធ្វើឱ្យប្រទេសយើងសម្បូរធនធានធម្មជាតិ និងមានលទ្ធភាពត្រៀមខ្លួនរួចជាស្រេច ដើម្បីបន្សំនឹងផលប៉ះពាល់ ក៏ដូចជាចូលរួមទប់ស្កាត់ការប្រែប្រួលអាកាសធាតុ។ ដូច្នះការរៀបចំព្រឹត្តិការណ៍ទិវាបរិស្ថានជាតិ ស្របពេលជាមួយនឹងទិវាបរិស្ថានពិភពលោក ៥មិថុនា ឆ្នាំ២០២៥ គឺជាការជួបជុំគ្នា ដើម្បីបង្ហាញនូវការយកចិត្តទុកដាក់ខ្ពស់ ចំពោះបរិស្ថានដែលរៀបចំឡើងដោយរាជរដ្ឋាភិបាលកម្ពុជា។
លោកថ្លែងបន្តថា ប្រធានបទ«ប្រយុទ្ធប្រឆាំងការបំពុលដោយប្លាស្ទិក» សម្រាប់ទិវាបរិស្ថានឆ្នាំ២០២៥ នេះ គឺជាការក្រើនរំឭក និងការអំពាវនាវមួយសម្រាប់យើងទាំងអស់គ្នាឱ្យរួមគ្នាធ្វើសកម្មភាពប្រកបដោយការទទួលខុសត្រូវខ្ពស់។ ការដោះស្រាយបញ្ហានេះ មិនមែនជាការងាររបស់បុគ្គលណាម្នាក់ ឬស្ថាប័នណាមួយនោះទេ ប៉ុន្តែជាការទទួលខុសត្រូវរួមរបស់យើងទាំងអស់គ្នា ទាំងថ្នាក់ដឹកនាំខេត្ត វិស័យឯកជន អង្គការសង្គមស៊ីវិល សហគមន៍មូលដ្ឋាន គ្រួសារនីមួយៗ និងបុគ្គលគ្រប់រូប ទាំងកម្រិតថ្នាក់ខេត្ត ក្រុង ស្រុក និងឃុំ ភូមិមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ សំអាតអនាម័យសំរាមប្លាស្ទិកជាប្រចាំទាំងនៅកន្លែងធ្វើការ និងនៅតាម ទីប្រជុំជន និងទីសាធារណៈជាដើម និងសូមឱ្យទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥មិថុនា ស្ថិតក្នុងបេះដូង ប្រជាពលរដ្ឋយើងគ្រប់ៗរូប និងក្លាយជាប្រពៃណីនៃការលើកកម្ពស់ ការយល់ដឹងជាសាធារណៈអំពីការគ្រប់គ្រង និងប្រើប្រាស់ធនធាន ធម្មជាតិប្រកបដោយនិរន្តរភាព។
លោក ផុន ខេមរិន្ទ ប្រធានមន្ទីរបរិស្ថានខេត្តរតនគិរី ក៏បានបញ្ជាក់ផងដែរថា មន្ទីរបរិស្ថានបានអនុវត្តសកម្មភាពសំខាន់ៗជាច្រើន ដូចជា៖ ការទប់ស្កាត់ និងការបង្ក្រាបបទល្មើសធនធានធម្មជាតិគ្រប់ប្រភេទ ផ្នែកកិច្ចគាំពារបរិស្ថាន និងការអភិរក្សជីវចម្រុះក្នុងតំបន់ការពារធម្មជាតិប្រកបដោយនិរន្តរភាព។ ក្នុងនោះដែរ ក្រុមការងារមន្ទីរបរិស្ថានបានបណ្តុះកូនឈើចម្រុះសរុបចំនួន ២៧,៤៥២ ដើម និងបានដាំ ព្រមទាំងចែកជូនសាធារណជនសរុបចំនួន ១២,៨២៥ ដើម។ ក្រៅពីនេះមន្ទីរបានសហការជាមួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ក្រុង-ស្រុក គ្រឹះស្ថានសិក្សាទាំងសាលារដ្ឋ និងសាលាឯកជន ក្រុមហ៊ុន សហគ្រាស និងអាជីវកម្មគ្រប់ប្រភេទទូទាំងខេត្ត ផងដែរ។
សូមបញ្ជាក់ថា ក្នុងឱកាសនេះដែរ លោកអភិបាលរងស្តីទីខេត្ត ក៏បានប្រគល់កូនឈើ ដល់សង្កាត់ទាំង៤ ក្នុងក្រុងបានលុង ដោយក្នុងមួយសង្កាត់ទទួលបានកូនឈើចំនួន ២៥០ ដើមរួមមាន៖ កូនឈើបេងចំនួន ១០០ដើម, កូនធ្នង់ ៥០ដើម, កូនគគីរ ៥០ដើម និងកូនឈើក្រញូងចំនួន ៥០ដើម៕
Post a Comment