កម្ពុជាសម្រេចហាមឃាត់ជាបណ្តោះអាសន្ន លើការនាំចូលសត្វពាហនៈ និងផលិតផលសាច់សត្វ ពីច្រកព្រំដែនទាំងអស់នៃប្រទេសថៃ
ភ្នំពេញ៖ បើទោះបីជាបច្ចុប្បន្ន កម្ពុជាពុំរកឃើញមានជំងឺឈាមខ្មៅ ឬជំងឺអង់ត្រាក់ (ពិសធ្យូង) លើសត្វពាហនៈ (គោ-ក្របី) ក្តី, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្រេចហាមឃាត់ជាបណ្តោះអាសន្នលើការនាំចូលសត្វពាហនៈ និងផលិតផលសាច់សត្វ ពីច្រកព្រំដែនទាំងអស់នៃប្រទេសថៃ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម។
ក្រសួងកសិកម្មបញ្ជាក់ថា
ខ្លួនកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ ចំពោះករណីកើតមានជំងឺឈាមខ្មៅ
ឬជំងឺអង់ត្រាក់លើសត្វពាហនៈ (គោ-ក្របី) ដែលកំពុងកើតមាននៅក្នុងតំបន់មួយចំនួននៃប្រទេសថៃ។
បច្ចុប្បន្ន ពុំមានករណីជំងឺនេះនៅក្នុងប្រទេសកម្ពុជានោះទេ
ប៉ុន្តែយ៉ាងណាក្តីជាវិធានការបង្ការ
ក្រសួងបានដាក់ឱ្យអនុវត្តការហាមឃាត់ជាបណ្តោះអាសន្នលើការនាំចូលសត្វពាហនៈ
និងផលិតផលសាច់សត្វ ពីច្រកព្រំដែនទាំងអស់នៃប្រទេសថៃ ព្រមទាំងបានសហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នពាក់ព័ន្ធនៅតាម
បណ្តាច្រកព្រំដែនទាំងនេះដើម្បីពង្រឹងការត្រួតពិនិត្យ
និងធានាការអនុវត្តវិធានការប្រកបដោយប្រសិទ្ធភាពខ្ពស់។
អគ្គនាយកដ្ឋានសុខភាពសត្វ
និងផលិតកម្មសត្វក៏បានរៀបចំបណ្តាញប្រព័ន្ធប្រតិកម្មរហ័សមួយ
នៅគ្រប់រាជធានី-ខេត្តទាំង២៥ ក្នុងគោលដៅតាមដានសុខភាពសត្វពាហនៈ
និងធ្វើការអន្តរាគមន៍ក្នុងករណីសង្ស័យ។
ក្រសួងនឹងបន្តធ្វើបច្ចុប្បន្នភាពជាបន្តបន្ទាប់
និងផ្តល់ព័ត៌មានថ្មីៗពីការវិវត្តនៃជំងឺនេះក្នុងករណីចាំបាច់។ សម្រាប់ព័ត៌មានបន្ថែម
សូមទំនាក់ទំនងទៅកាន់ទូរស័ព្ទលេខ ១២៨៩៕
Post a Comment