ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញ​សំណេះសំណាល​ជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិតកំពង់ផែស្វយ័តក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៥កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញ​ជួប​សំណេះសំណាលមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត ដែល​កំពុង​​បម្រើការងារនៅ​កំពង់ផែស្វយ័តក្រុងព្រះសីហនុ។ ពិធី​សំណេះ​សំណាលនាព្រឹកថ្ងៃនេះធ្វើឡើងជាការអបអរសាទរខួប​អនុ​ស្សា​វរីយ៍លើកទី១៣៩នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៥។

ទិវាពលកម្ម​អន្តរ​ជាតិ ១ ឧសភា គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្ររបស់​កម្មករ​​និយោ​ជិត​ដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ប្រារព្ធឡើងជារៀង​រាល់ឆ្នាំ ចាប់តាំងពីក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩។ ឆ្នាំនេះក៏ ដូចឆ្នាំ​មុនៗ​ដែរ គឺរាជរដ្ឋាភិបាលបានចេញសារាចរដើម្បីបំផុស​លើក​ទឹក​ចិត្តគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានី ខេត្ត រោងចក្រ សហគ្រាសនានា ក្នុងការរៀបចំខួបអនុស្សាវរីយ៍លើកទី១៣៩ ទិវាព​ល​កម្មអន្ដរជាតិ ១ ឧសភា និងកម្មវិធីកម្សាន្តផ្សេងៗ ដើម្បីបង្កបរិយា​កាស​រីករាយ និងសាមគ្គីភាពរវាងកម្មករនិយោជិត និងនិយោជក​ក្រោម​ឈ្មោះ​សហគមន៍សុខសាន្ត។

សូមជម្រាបថា ទិវាពលកម្មអន្តរជាតិឆ្នាំនេះ រៀបចំឡើងក្រោមប្រធានបទ «រួមគ្នា​ដើម្បី​ការងារសមរម្យ និងកំណើនប្រកបដោយចីរភាព និងភាព​ធន់»



 

Powered by Blogger.