ត្រាំ បញ្ជាឱ្យយកពន្ធ ១០០ភាគរយ លើខ្សែភាពយន្តដែលមិនផលិតនៅអាមេរិក

 ប្រភព៖ AFP

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកកំពុងបញ្ជាឱ្យយកពន្ធថ្មីលើខ្សែភាពយន្តទាំងអស់ ដែលផលិតនៅក្រៅសហរដ្ឋអាមេរិក ដោយអះអាងថា Hollywood ខាតបង់ក៏ព្រោះតែនិន្នាការនៃអ្នកផលិតភាពយន្តអាមេរិក និងការជ្រើសរើសប្រើស្ទូឌីយោបរទេស។

តាមរយៈបណ្តាញ Truth Social លោក ត្រាំ បានបញ្ជាក់ថា «ខ្ញុំ​កំពុង​ផ្តល់​សិទ្ធិ​ឱ្យក្រសួង​ពាណិជ្ជកម្ម និង​អ្នកតំណាង​ពាណិជ្ជកម្ម​អាមេរិក ចាប់ផ្តើមដំណើរការដំឡើងពន្ធ ១០០ភាគរយភ្លាមៗ ទៅលើខ្សែភាពយន្តទាំងអស់ដែលផលិតនៅបរទេស»

លោកបន្ថែមថា «ប្រទេសផ្សេង កំពុងផ្តល់ការលើកទឹកចិត្តគ្រប់បែបយ៉ាង ដើម្បីទាក់ទាញអ្នកផលិតភាពយន្ត និងឱ្យពួកគេប្រើប្រាស់ស្ទូឌីយោផ្សេងពីអាមេរិក។ Hollywood និងកន្លែងទៀតកំពុងខាតបង់ធំធេង ដែលនេះស្មើនឹងការគំរាមកំហែងដល់សន្តិសុខជាតិ»

ក្រោយការប្រកាសរបស់ លោក ត្រាំ គេនៅមិនទាន់ប្រាកដទេ អំពីផលប៉ះពាល់សម្រាប់ឧស្សាហកម្មភាពយន្ត ឬថាតើពន្ធគយថ្មីនេះត្រូវអនុម័តតាមរបៀបណា៕



 

Powered by Blogger.