ត្រាំ បញ្ជាឲ្យបើកដំណើរការពន្ធនាគារ Alcatraz ដ៏ល្បីល្បាញឡើងវិញ
ប្រភព៖ Reuters
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា លោកកំពុងណែនាំឲ្យការិយាល័យពន្ធនាគារសហព័ន្ធ (BOP) ធ្វើការសាងសង់ឡើងវិញ និងបើកដំណើរការឡើងវិញនូវពន្ធនាគារ Alcatraz ដ៏ល្បីល្បាញ ដើម្បីឃុំខ្លួនឧក្រិដ្ឋជនដែលឃោរឃៅ និងហិង្សាបំផុតរបស់អាមេរិក។
បទបញ្ជានេះតម្រូវឲ្យ BOP
ធ្វើការជាមួយក្រសួងយុត្តិធម៌ FBI និងក្រសួងសន្តិសុខមាតុភូមិ
ដើម្បីអនុវត្តផែនការបើកពន្ធនាគារ Alcatraz ឡើងវិញ
ដែលអាចនឹងត្រូវការចំណាយ និងការអនុម័តបន្ថែមទៀត។
នៅលើបណ្ដាញសង្គម Truth
Social លោក ត្រាំ បានបង្ហោះថា «សាងសង់
និងបើក ALCATRAZ ឡើងវិញ!... កាលពីអតីតកាល
ពេលដែលប្រទេសយើងម៉ឺងម៉ាត់ជាងនេះ
យើងមិនស្ទាក់ស្ទើរក្នុងការចាប់ឧក្រិដ្ឋជនគ្រោះថ្នាក់បំផុតដាក់គុកទេ»។ នៅពេលត្រឡប់មកដល់សេតវិមានវិញ លោកបានប្រាប់អ្នកសារព័ត៌មានថា វា «គ្រាន់តែជាគំនិតដែលខ្ញុំមាន» ហើយលោកបានសម្រេចចិត្តធ្វើវា
ដោយចាត់ទុកវាជា «និមិត្តរូបនៃច្បាប់ និងសណ្ដាប់ធ្នាប់»។
ពន្ធនាគារសហព័ន្ធ Alcatraz
ដែលមានទីតាំងលើកោះមួយក្នុងឈូងសមុទ្រ San Francisco ធ្លាប់ឃុំខ្លួនឧក្រិដ្ឋជនល្បីៗដូចជា Al Capone មុនពេលត្រូវបានបិទនៅឆ្នាំ
១៩៦៣។ វាត្រូវបានគេចាត់ទុកថាជាគុកដែលមានសុវត្ថិភាពបំផុតមួយ ដោយសារទីតាំងដាច់ស្រយាល
និងចរន្តទឹកសមុទ្រខ្លាំង ហើយមិនមានកំណត់ត្រាផ្លូវការនៃការរត់គេចខ្លួនដោយជោគជ័យឡើយ។
បច្ចុប្បន្ន វាជាគោលដៅទេសចរណ៍ និងជាផ្នែកមួយនៃឧទ្យានជាតិដ៏ពេញនិយម។
យោងតាមគេហទំព័ររបស់ការិយាល័យពន្ធនាគារសហព័ន្ធ
(BOP)
ពន្ធនាគារ Alcatraz ត្រូវបានបិទដោយសារតែចំណាយប្រតិបត្តិការខ្ពស់ពេក
គឺជិតបីដងនៃពន្ធនាគារសហព័ន្ធដទៃទៀត៕
Post a Comment