ការស្ទង់មតិរបស់បណ្តាញទូរទស្សន៍ CGTN ៖ការសម្លុតកំហែងខាងពន្ធគយបានបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់ចំណាប់អារម្មណ៍ល្អចំពោះសហរដ្ឋអាមេរិក អ្នកផ្តល់បទសម្ភាសន៍លើសពី ៩០ ភាគរយគាំទ្រឱ្យប្រទេសចិនចាត់វិធានការតបតវិញដ៏ខ្លាំងក្លា
បរទេស៖ ខណៈពេលរដ្ឋាភិបាលអាមេរិកអាណត្តិថ្មីកាន់អំណាចបាន ១០០ ថ្ងៃ តាមការស្ទង់មតិជាសកលដែលចេញផ្សាយដោយបណ្តាញទូរទស្សន៍ CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបង្ហាញថា ទង្វើសម្លុតកំហែងខាងពន្ធគយរបស់សហរដ្ឋអាមេរិកបានបណ្តាលឱ្យសន្ទុះប្រឆាំងសហរដ្ឋអាមេរិកនៅជុំវិញពិភពលោកកើនឡើងយ៉ាងឆាប់រហ័ស ។ អ្នកផ្តល់បទសម្ភាសន៍មកពីប្រទេសចំនួន ៣៧ ក្នុងចំណោមប្រទេសចំនួន ៣៨ បានគាំទ្រវិធានការតបតរបស់ប្រទេសចិនដែលបង្ហាញថា ការពួតដៃគ្នាគាំពារសណ្តាប់ធ្នាប់ពាណិជ្ជកម្មអន្តរជាតិបានក្លាយជាគំនិតឯកភាពរួមជាសកល ។
ការស្ទង់មតិបានរកឃើញថា អ្នកផ្តល់បទសម្ភាសន៍ចំនួន ៧៤,២ ភាគរយសម្គាល់ឃើញថា គោលនយោបាយពន្ធគយរបស់សហរដ្ឋអាមេរិកនឹងរារាំងយ៉ាងខ្លាំងដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសខ្លួន ។ អ្នកផ្តល់បទសម្ភាសន៍ចំនួន ៦០,២ ភាគរយដែលមកពីប្រទេសវៀតណាម ហ្វីលីពីន ថៃ ឥណ្ឌូណេស៊ីនិងម៉ាឡេស៊ីសម្គាល់ឃើញថា "ការបង្កើនការដាក់កំហិតចំពោះការនាំចេញនិងការដាក់ទណ្ឌកម្មដោយឯកតោភាគី"របស់អាមេរិកមិនអំណោយផលដល់ការអភិវឌ្ឍរបស់ប្រទេសខ្លួន ។
ទង្វើសម្លុតកំហែងរបស់អាមេរិកបាននិងកំពុងត្រូវបានប្រឆាំងតបតយ៉ាងដាច់ខាតពីប្រទេសចិនដែលទទួលបានការគាំទ្រខ្ពស់ពីអ្នកផ្តល់បទសម្ភាសន៍នៅជុំវិញពិភពលោក ។ ក្នុងចំណោមអ្នកផ្តល់បទសម្ភាសន៍មកពីប្រទេសចំនួន ៣៨ មានចំនួន ៣៧ ប្រទេសគាំទ្រចំពោះវិធានការប្រឆាំងតបតរបស់ប្រទេសចិនដែលមានអត្រា ៩៧,៤ ភាគរយនៃចំនួនអ្នកផ្តល់បទសម្ភាសន៍ ៕
Post a Comment